អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាប់ពីដើមខែមិថុនា រហូតមកដល់ពេលនេះ សារព័ត៌មានជាតិ-អន្តរជាតិបានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងព័ត៌មានដែលជាប្រភពផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖​ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ជារួមការផ្សព្វផ្សាយអំពីប្រធានបទព្រំដែនកម្ពុជា-ថៃ ក្នុងរយៈពេលចាប់តាំងពីដើមខែមិថុនា រហូតមកទល់ពេលនេះគឺសារព័ត៌មានជាតិ និងអន្តរជាតិបានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងក្រសួងព័ត៌មាន ដោយប្រភពទាំងនេះ ជាប្រភពផ្លូវការដែលផ្ដល់ព័ត៌មានបានទាន់ពេលវេលា និងជាប្រភពព័ត៌មានសុក្រឹតសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងក្នុងប្រទេស និងក្រៅប្រទេសបានយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិបានដឹងអំពីការវិវត្តនៃស្ថានភាពក្នុងការដោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។​

យោងតាម​ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញ​នេះ​ថា លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ផ្អែកតាមរបាយការណ៍នៃការតាមដានផ្សព្វផ្សាយព័ត៌មានលើប្រធានបទព្រំដែនរវាងកម្ពុជា-ថៃ ដែលចេញផ្សាយដោយសារព័ត៌មានជាតិ-អន្ដរជាតិ ដែលក្រសួងព័ត៌មានបានតាមដានជាប្រចាំនេះ គឺទាំងសហគមន៍ជាតិនៅក្នុងទាំង២៥ រាជធានី ខេត្ដ ក៏ដូចជាសហគមន៍អន្ដរជាតិបានទទួលព័ត៌មានគ្រប់គ្រាន់ជុំវិញស្ថានភាពក៏ដូចជាការវិវត្ដនៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសការទទួលបាននូវព័ត៌មាន និងបានយល់ច្បាស់អំពីជំហររបស់រាជរដា្ឋភិបាលកម្ពុជាក្នុងការដាក់ចេញនូវយន្ដការនានា ចាំបាច់ក្នុងការដោះស្រាយដោយឈរលើមូលដ្ឋានសន្ដិភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ អភិវឌ្ឍន៍ ជាមួយប្រទេសកំពុងតែមានជម្លោះ ដើម្បីធ្វើយ៉ាងណារក្សានូវសុខដុមនីយកម្មសម្រាប់ប្រទេសទាំងពីរ។

លោកអ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា៖ «ដោយឡែកសម្រាប់ការផ្សព្វផ្សាយព័ត៌មានជូនដល់សហគមន៍អន្តរជាតិ អំពីការវិវត្តន៍នៃបញ្ហាព្រំដែននេះ គឺទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ក៏ដូចជាកអង្គភាពសារព័ត៌មានឯកជនមួយចំនួនទៀតបានផលិត និងផ្សព្វផ្សាយមាតិកា បានទាន់ពេលវេលា ជាភាសាអង់គ្លេស ជាភាសាបារាំង ហើយក៏មានអង្គភាពសារព័ត៌មានមួយចំនួនទៀតនៅក្នុងស្រុកបានផលិតខ្លឹមសារជាភាសាចិន ក្នុងការចែកចាយ ជូនដល់សហគមន៍អន្តរជាតិនៅលើពិភពលោកបានទទួលព័ត៌មានផងដែរ»។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្ថែមថា សម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន រាល់ការចេញផ្សាយទាំងអស់គឺបានបញ្ជូនសារព័ត៌មានរបស់ខ្លួនទៅតាមស្ថានទូតរបស់កម្ពុជានៅបណ្ដាប្រទេសចំនួន១៨ ក្នុងពិភពលោក ហើយក៏បានសហការជាមួយដៃគូទីភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សព្វផ្សាយនៅតាមបណ្តាប្រទេសទាំងនោះចំនួន១៦ថែមទៀត ដែលបានបញ្ចេញព័ត៌មានចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពាក់ព័ន្ធនឹងប្រធានបទបញ្ហាព្រំដែននេះ។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា៖ «ជារួម រហូតមកដល់ពេលនេះ ទាំងសហគមន៍ជាតិ និងសហគមន៍អន្ដរជាតិបានដឹងឮច្បាស់ហើយអំពីជំហររួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី ដែលជាប្រមុខរាជរដ្ឋាភិបាល និងមានក្រសួង ស្ថាប័នជាសេនាធិការលើការដោះស្រាយវិវាទរវាងប្រទេសទាំងពីរ ក្នុងការការពារភាពស្របច្បាប់ដើម្បីយកករណីនេះបញ្ចូនទៅដោះស្រាយនៅតុលាការយុត្ដិធម៌អន្ដរជាតិ ICJ ដើម្បីធានាដំណោះស្រាយរយៈពេលយូរអង្វែង និងការការពារ រក្សានូវសុខដុមនីយកម្មរវាងប្រទេសទាំងពីរ»៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print