ក្រោយអ៉ីស្រាអែលវាយអ៉ីរ៉ង់ លោក ត្រាំ កោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខជាតិ

ចែករំលែក៖

សារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោ) បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៉ីរ៉ង់ ដោយបង្កឱ្យមានការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល។

សេតវិមាន បានឱ្យដឹងថាលោក ត្រាំ ដែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល នឹងត្រូវចូលរួមប្រជុំជាមួយក្រុមមន្ត្រីសន្តិសុខកំពូលៗទាំងអស់ របស់រដ្ឋាភិបាលអាមេរិក នៅម៉ោង ១១៖០០នាទីព្រឹក ថ្ងៃសុក្រ នៅបន្ទប់ Situation Room នៃសេតវិមាន។
អ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកប្រតិបត្តិការយោធាឈ្មោះ Rising Lion ប្រឆាំងអ៉ីរ៉ង់ ដោយហៅការវាយប្រហាររបស់ខ្លួនជាការបង្ការ និងការពារខ្លួនឯង បន្ទាប់ពីលោក ត្រាំ បានព្រមានថា អ៉ីស្រាអែលអាចនឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ក្នុងពេលឆាប់ៗ។ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu វិញ បានទទួលស្គាល់ថាអ៉ីស្រាអែលបានបើកការវាយប្រហារ តាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយថាប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់នឹងបន្តធ្វើឡើង ជាច្រើនថ្ងៃ ឬរហូតទាល់តែអ៉ីស្រាអែលមានអារម្មណ៍ថាការគំរាមកំហែងត្រូវបានលុបបំបាត់។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាលោកឧត្តមសេនីយ៍ Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ហើយថាអ៉ីរ៉ង់នឹងសងសឹកយ៉ាងខ្លាំងក្លាលើអ៉ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់នោះទេ និងបានព្រមានតេហេរ៉ង់កុំឱ្យវាយប្រហារលើផលប្រយោជន៍ ឬមូលដ្ឋានទ័ពរបស់អាមេរិកក្នុងតំបន់៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print