ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពល អគ្គិសនី ចំនួន ២៤ច្បាប់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា សុំដាក់សេចក្តី ព្រាងច្បាប់ស្តីពីជលផល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។
៣-ពិនិត្យ និងសម្រេចលើការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥។
៤-កំណត់កាលបរិច្ឆេទនិងរបៀបវារៈបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។
៥-ផ្សេងៗ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖តារា