ខេត្តកណ្តាល÷ បុរសវ័យចំណាស់ម្នាក់ ឈ្មោះ យឹង យឿន អាយុ ៦៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើស្ត្រីសតិមិនគ្រប់ម្នាក់ អាយុ ៣៥ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងជាច្រើនដង ដោយលើកចុងក្រោយគឺនៅថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២០និង ៣០នាទីយប់ លើផ្ទះនារីរងគ្រោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នារីរងគ្រោះ មានស្មារតីមិនប្រក្រតី ហើយរស់នៅជាមួយម្តាយចាស់ជរាដែលមានជំងឺវង្វេង។ ជនសង្ស័យឈ្មោះ យឹង យឿន ដែលមានទីលំនៅជិតគ្នា ធ្លាប់ឧស្សាហ៍ផ្តល់បាយទឹកនំចំណីឲ្យគ្រួសារនារីរងគ្រោះ។ តាមការអះ អាងបងប្រុសជីដូនមួយនារីរងគ្រោះ និងការសារភាពរបស់ជនសង្ស័យ,ជនសង្ស័យបានលបឡើងទៅលើផ្ទះនារីរងគ្រោះ ខណៈម្តាយនារីរងគ្រោះមិននៅផ្ទះ ហើយបាននិយាយលួងលោម រួមភេទជាមួយនាងបានសម្រេចជាច្រើនដង រហូតដល់ ៣ដង នៅយប់ចុងក្រោយ។
ការណ៍នេះត្រូវបានបងប្រុសជីដូនមួយរបស់នារីរងគ្រោះមកទាន់ និងថតវីដេអូបាន។ ភ្លាមៗនោះ ជនសង្ស័យបានភ័យស្លន់ស្លោ ហើយគេចខ្លួនចេញពីមូលដ្ឋានបាត់ទៅទាំងយប់ជាមួយកង់ចាស់១គ្រឿង។ លុះដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ ជនសង្ស័យបានលបចូលមកក្នុងលំនៅដ្ឋានវិញ ក៏ត្រូវបានសាច់ញាតិនារីរងគ្រោះប្រទះឃើញ ហើយដាក់ពាក្យបណ្ដឹងឲ្យប៉ូលិសប៉ុស្តិ៍ស្វាយរលំចុះឃាត់ខ្លួនយកមកសួរនាំ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕