ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានពីររូបនឹងប៉ះគ្នាក្នុងឈុតកំប្លែង កាច់កុង ស្នានីសគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តរឿង “Supper Mom”របស់ផលិតកម្មមហាហង្ស។ ការបញ្ជាក់វត្តមានរបស់អ្នកទាំងពីរក្នុងរឿងថ្មីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើកដំណើរកាផលិតខ្សែភាពយន្តខាងលើកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការផលិតកម្ម ក្រោមវត្តមានសិល្បករ ផលិតករជាច្រើនរូប។
តារាសម្តែងក្នុងខ្សែភាពយន្តបែបកំប្លែងថ្មី“Supper Mom” ភាគច្រើនគឺជាតារាកំប្លែងប្រុសស្រីល្បីឈ្មោះមានដូចជា នាយ ពាក់មី នាយក្រូច នាយគ្រឿន នាយសុបិន DJ កាកា កញ្ញា សុខ សោមាវត្តី នាងខ្ញុង នាងកាតុ និងតារាសម្តែងជាច្រើនរូបទៀត។
នាយកប្រតិបត្តិផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស បញ្ជាក់ថា “Supper Mom”គឺជាខ្សែភាពយន្តកំប្លែងថ្មីប្លែកបែបស្រុកស្រែ ដែលចូលរួមសម្តែងដោយតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើន។ នាងបញ្ជាក់ថា ខ្សែភាពយន្តថ្មីនេះគឺនិយាយពីក្រុមគ្រួសារពីររបស់នាងខ្ញុង និងនាងកាតុដែលម្តាយនឹងម្តាយតែងកាត់កុង ផ្ចាញ់ផ្ចាល ឌឺដងគ្នា ខណៈដែលកូនប្រុសស្រីរបស់ពួកគេស្រលាញ់គ្នា។ អ្វីដែលកាន់តែប្លែកខ្សែភាពយន្តនេះមានឈុតឆាកកំប្លែង ស្នេហាជាដើមដែលធ្វើឲ្យអ្នកទស្សនាពេញចិត្តសម្រាប់ខ្សែភាពយន្តនេះ។ អ្នកនាងបន្តថា ខ្សែភាពយន្តនឹងត្រូវចំណាយទុនប្រមាណជាង៧ម៉ឺនដុល្លារ មុនពេលចាក់បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ខាងមុខ។ នាងថា នេះគឺជាខ្សែភាពយន្តខ្នាតធំទីបីហើយដែលផលផលិតកម្មចេញថតក្នុងឆ្នាំនេះបន្ទាប់ពីរឿង “៣០ថ្ងៃ” ដែលនឹងសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី៣០ខែសីហានេះ និងរឿង”សួរស្តីលោកគ្រូកម្លោះ” ដែលទើបនឹងបញ្ចប់ការថតកាលពីថ្មីនេះដែរ។ អ្នកនាងបញ្ជាក់ថា ការជ្រើសរសើរតួអង្គសំខាន់ពីររូបគឺអ្នកនាងកាតុ និងនាងខ្ញុង សម្តែងក្នុងខ្សែភាពយន្តនេះព្រោះតែអ្នកទាំងពីរគឺជាតារាកំប្លែងដែលពូកែខាងលេងពាក្យសម្តី ផ្លែផ្កា ឌឺដងគ្នា ហើយមិនដែលសម្តែងរូមគ្នាពីមុនមកហើយផលិតកម្មជឿជាក់ថាខ្សែភាពយន្តថ្មីនេះនឹងទទួលបានការគាំទ្រច្រើននៅពេលចាក់បញ្ចាំងនៅរោងភាពយន្តនៅពេលខាងមុខ។
អ្នកនាងកាតុ បញ្ជាក់ថា ក្នុងខ្សែភាពយន្តនេះនាងសម្តែងជាតួម្តាយឈ្មោះនាយខ្សាយជាម្តាយតួឯកស្រី។ នាងបន្តថា វាពិតជាប្លែកដែលអ្នកនិពន្ធនិងដឹកនាំរឿងជ្រើសរើសនាងនិង នាងខ្ញុងមកសម្តែងរួមគ្នាជាលើកដំបូងហើយពួកនាងសុទ្ធតែសម្តីមិនចេះចាញ់គ្នា។ នាងបន្តថា ឈុតឆាកកំប្លែងសើចចុកពោះព្រោះតែការកាច់កុងគ្នា ច្រើនពិសេសគឺការកំប្លែងបែបស្រុកស្រែថ្មីប្លែកពីរឿងមុនៗ។
នាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបញ្ជាក់ដែរថា បើទោះបីជាមិនធ្លាប់សម្តែងរួមគ្នាក្នុងខ្សែភាពយន្តខ្នាតធំពីមុនមកក្តីក៏នាងនិង អ្នកនាងកាតុធ្លាប់បានជួបគ្នាជាញឹកញាប់ក្នុងកម្មវិធីកម្សាន្តនានារបស់ទូរទស្សន៍ ហើយការចាក់សម្តី ឌឺដងទៅវិញទៅមកក៏តែងធ្វើឡើងដែរកន្លងមក ប៉ុន្តែវាត្រឹមតែនៅលើឆាក ខណៈដែលការរាប់អានគ្នាជិតដិតនៅក្រោយឆាក។ នាងបន្តថា ខ្សែភាពយន្តនេះនឹងធ្វើឲ្យអ្នកទស្សនាពេញចិត្តជាមួយនឹងឈុតឆាកកំប្លែងថ្មី ជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង “Supper Mom” ត្រូវបាននិពន្ធឡើងដោយលោក អ៊ិន សុភិន កែសម្រួលដោយលោក សោម សារ៉ាពេជ្រ ដឹកនាំសម្តែងដោយលោក ជុំ វិចិត្រ៕
ដោយ៖ វឌ្ឍនា