ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានបក្សកាន់អំណាច បានចោទជាសំណួរទៅកាន់ប្រជាពលរដ្ឋថៃថា តើអ្នកណាជាអ្នកបិទព្រំដែនថៃ-កម្ពុជា? បើតាមសម្តេចតេជោ អ្នកដែលបិទព្រំដែនថៃ-កម្ពុជា គឺផ្តើមឡើងដោយក្រុមយោធាថៃ ដូច្នេះពលរដ្ឋថៃ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ពោលគឺមិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែនមុននោះទេ។ សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំព្រឹទ្ធសភា នាព្រឹកទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃកុំខឹងសម្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ ហើយគេបានដឹងរួចហើយថា ទំលាប់ក្នុងប្រទេសថៃដូចម្តេចនោះ!។ សម្តេចតេជោ បានបន្តថា ដោយយល់ និងស្កាល់ថា នាយករដ្ឋមន្ត្រីថៃពុំមានសិទ្ធិនិយាយ ដើម្បីឱ្យបើក ឬឱ្យបិទច្រកព្រំដែន ដែលខុសពីនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាតួអង្គតែមួយ រាប់ពីលើដល់ក្រោម រាប់ទាំងតួអង្គព្រឹទ្ធសភា រដ្ឋសភា ជាតួអង្គនីតិបញ្ញត្តិ តួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងតួអង្គកងកម្លាំងប្រដាប់អាវុធ គឺជាតួអង្គតែមួយ។
ទន្ទឹមគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា កម្ពុជាសុំមិនយល់ ហើយនៅតែបង្ហាញការមិនយល់ ចំពោះអ្វីដែលបានកើតឡើង វាជារឿងរបស់ថៃទេ ហើយកម្ពុជាមិនជ្រៀតជ្រែតចូលកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ក៏ប៉ុន្តែហេតុអ្វីនាយករដ្ឋមន្ត្រីថៃ ជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា នាយករដ្ឋមន្ត្រីថៃជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា បែរជាគ្មានសិទ្ធិបើកច្រកព្រំដែនឱ្យដំណើរការឡើងវិញ។
សម្តេចតេជោបញ្ជាក់ថា កម្ពុជាសូមបញ្ជាក់ថា ប្រសិនជាថៃបើកដំណើរការព្រំដែននៅម៉ោង១ គឺយូរបំផុត ៥ម៉ោងក្រោយ កម្ពុជាក៏បើកដំណើរវិញផងដែរ ចុះហេតុអ្វីបានជាភាគីថៃចេញបញ្ជាបិទច្រកព្រំដែនដោយឯកតោភាគី គ្រាន់តែដកបញ្ជាឱ្យបើកដំណើរការវិញជាធម្មតា គឺចប់រួចស្រេចទៅហើយ គ្មានចាំបាច់ចរចាវែងឆ្ងាយឡើយ ដែលសម្តេចធៀបថា អន្ទង់វែងឆ្នាំងវែងនោះទេ។ សម្តេចតេជោ អះអាងថា កម្ពុជាមិនយកកិត្តិយសរបស់ខ្លួន ទៅព្រមទទួលយកកំហុសរបស់អ្នកដទៃនោះទេ អ្នកឯងចង គឺអ្នកឯងត្រូវស្រាយ កម្ពុជាគ្មានចំណែកទៅជួយស្រាយក្នុងបញ្ហានេះនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសេចក្តីថ្លៃថ្នូរ មានកិត្តិយស មានការទទួលខុសត្រូវ កុំហៅកម្ពុជា ទៅចរចាបាក់មុខជាមួយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋថៃទៅតវ៉ាជាមួយយោធាថៃ រឿងបិទច្រកព្រំដែន ព្រោះនេះជាការបំពានច្បាប់របស់យោធាថៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថៃ រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីគ្មានសិទ្ធិបញ្ជាការងារនោះឡើយ ផ្ទុយទៅវិញកម្ពុជា មានសំឡេងជាធ្លុងជាមួយរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើថៃបើកនៅម៉ោង ១យប់ យូរបំផុតត្រឹម៥ម៉ោងកម្ពុជាបើក។ បើពេលថ្ងៃវិញ ក្រោយថៃបើក ត្រឹមតែ១ម៉ោង ឬ២ម៉ោង គឺកម្ពុជាបើកវិញហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃ ជាអ្នកបិទច្រក ដូច្នេះថៃបើកទៅ គឺចប់ហើយ។ ថៃជាអ្នកចង ថៃត្រូវតែជាអ្នកស្រាយ កម្ពុជាមិនទៅស្រាយជាមួយឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ ការបិទមិនឱ្យថៃ នាំទំនិញចូលមកកម្ពុជា គឺមានលទ្ធភាពខ្ពស់។ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យជនរួមជាតិខ្មែរ នាំគ្នាប្រើប្រាស់ផលិតផល ដែលខ្មែរមាន ! ជាតិនិយមរបស់ខ្មែរ ! ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ ហើយពលរដ្ឋខ្មែរសូមកុំដំឡើងថ្លៃទំនិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ ថៃ យល់ខុសហើយ ដែលពង្រីកជម្លោះព្រំដែនពីមុំ៣ ដល់វិស័យដទៃទៀត រួមទាំងពាណិជ្ជកម្ម ៕
ដោយ ៖ សិលា