ភ្នំពេញ ៖ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន ២៤ច្បាប់ ។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៦០រូប។
អង្គប្រជុំដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖
១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន ២៤ច្បាប់។
២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីជលផលទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។
៣-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៥។
នៅរបៀបវារៈទី១នេះ អង្គប្រជុំបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នីមួយៗ ដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមានយោបល់ និងមានការឆ្លើយបំភ្លឺពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
អង្គប្រជុំបានសម្រាកនៅម៉ោង១៣:០០នាទី រួចនឹងបន្តការប្រជុំនៅម៉ោង ១៥:០០នាទី នាថ្ងៃខែឆ្នាំដដែល។ នេះបើយោងតាមប្រភព នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា