ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃចន្ទទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។
ក្នុងឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទាំង៦៥គ្រួសារ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខ មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយនាពេលនេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទីកន្លែងនេះគឺមានសុវត្ថិភាពខ្ពស់ មានទាំងគ្រូពេទ្យ និងមានស្បៀងអាហារគ្រប់គ្រាន់ផ្តល់ជូនបងប្អូន។ ចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលពុំទាន់បានចាកចេញ យើងក៏មានរថយន្តដើម្បីត្រៀមជម្លៀសចេញជាបន្តបន្ទាប់ ក្នុងករណីចាំបាច់ណាមួយកើតឡើង។
លោកអភិបាលខេត្ត បានថ្លែងជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការចរចា និងធ្វើការយ៉ាងជិតស្និត ជាមួយរដ្ឋាភិបាលថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើង នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដោយឈរលើគោលការណ៍សន្តិវិធី និងផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នាអំឡុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នា ក៏មានក្រុមជ្រុលនិយមថៃមួយចំនួន បានគំរាមដេញពលករខ្មែរ ឱ្យត្រឡប់មកប្រទេសខ្លួនវិញ ហើយប្រជាពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរយើងផងដែរ។
ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅដល់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ឱ្យត្រៀមលក្ខណៈសម្បត្តិ ក្នុងការដឹកជញ្ជូនពលករខ្មែរ ឱ្យត្រឡប់មកវិញ និងជម្លៀសប្រជាពលរដ្ឋ ដែលនៅជាប់នឹងតំបន់ប្រឈម មកកន្លែងមានសុវត្ថិភាព ដោយត្រូវបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យមានភាពងាយស្រួលជូនពួកគាត់។
ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក ខូយ រីដា បានប្តេជ្ញាចិត្ត អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួន ក្នុងករណីចាំបាច់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពជាប់ជាប្រចាំ ដោយត្រូវប្រកាន់ភ្ជាប់ ការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងត្រូវត្រៀមលក្ខណៈ ក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានជាប្រក្រតីឡើងវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិត ក្រោយពេលដែលស្ថានភាព នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរឡើងវិញ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់