ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ដេកស្ដូកស្ដឹងត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូលឿនមិនពាក់មួកសុវត្ថិភាពដួលខ្លួនឯង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល ពីម៉ោង៩:៣៥នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចភូមិស្ងួនពេជ្រ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរសរងគ្រោះបើកម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីមសង់២០២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1LJ-6648ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកេីតយ៉ាងលឿន ខណៈមកដល់កើតហេតុក៏បានដួលខ្លួនឯងអូសជាច្រើនម៉ែត្របណ្ដាលឲ្យបោកនឹងផ្លូវរងរបួសបែកមុខមាត់សន្លប់ស្ដូកស្ដឹង ភ្លាមនោះពលរដ្ឋធ្វើដំណើរមកឃើញបាននាំគ្នាទាក់ទងហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកអង្គស្នួលមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសង្កាត់កន្ទោកបានចុះមកយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរង់ចាំប្រគល់អោយម្ចាស់វិញនៅថ្ងៃក្រោយ៕
ដោយ៖ ជ្រោយពេជ្រ