ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែង​ក្នុងពិធីជួបជុំគ្នាដើរថ្មើរជើង «Solidarity March»​យ៉ាងដូច្នេះ​ថា៖ ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ទឹកចិត្ត ស្មារតី ឆន្ទៈ បងប្អូនជនរួមជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាគណបក្សនយោបាយ និងយុវជនពីគ្រប់ទិសទីដែលបានមកជួបជុំគ្នាដើរថ្មើរជើង «Solidarity March» ដោយបង្ហាញពីមោទនភាពជាតិខ្មែរ ស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់និន្នាការនយោបាយ ក្នុងនាមខ្មែរតែមួយ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

លោក ហ៊ុន ម៉ានី​ បានថ្លែងបន្តថា​ ការជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នាដោយបានសបញ្ជាក់ពីទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរ យល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក​ ហ៊ុន ម៉ានី បានបង្ហើបរឿងរ៉ាវដក់ក្នុងចិត្តចំនួនពីរ ក្នុងនោះទី១ មានយុវជនម្នាក់ បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំង មកដល់ភ្នំពេញ ដើម្បីទិញអាវនៃកម្មវិធីជាប្រវត្តិសាស្រ្ដនេះ ទុកជាអនុស្សាវរីយ៍ការចង់ចាំរបស់គាត់ និងមួយទៀត​ លោក បានជួបប្អូនស្រីម្នាក់ ជាភរិយាគ្រួសារកងទ័ពដែលត្រូវជម្លៀសចេញពីផ្ទះនៅបន្ទាត់ព្រំដែន។ ប្អូនស្រីភរិយាយោធិនជួរមុខរូបនេះបានរម្លឹកថា «ប្ដីរបស់គាត់ដែលជាយោធិនបានស្នើឱ្យគាត់នាំកូនទាំង៤នាក់ ឱ្យទៅរកទីសុវត្ថិភាពពីព្រោះប្ដីគាត់យកទឹកចិត្តទៅថែរក្សាការពារបូរណភាពទឹកដីរបស់យើង» ដែលនេះគឺជាទឹកចិត្តរបស់កងទ័ព។

លោកប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា​ បានឱ្យដឹងទៀតថា​ ពិធីជួបជុំគ្នាដើរថ្មើរជើង «Solidarity March» បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ។ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ យើងខ្ញុំគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។

សូមជម្រាបថា​ ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយក្នុងស្មារតី៖
-គាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)
-គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន
-គាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។

ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់ពលរដ្ឋម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។

...

បើតាមការបញ្ជាក់របស់លោក​បណ្ឌិត សោម រតនា អ្នកនាំពាក្យ ស. ស.យ.ក​ បានឱ្យដឹងថា​ បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន ជាមហាគ្រួសារខ្មែរ ដែលបានចូលរួមក្នុងពិធីការធ្វើដំណើរថ្មើរជើង “ Solidarity March “ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា (ពីសាលមហោស្រពកោះពេជ្រឆ្ពោះទៅកាន់វិមានឯករាជ្យ) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានចំនួនប្រមាណ ១៥ម៉ឺននាក់ ប្រកបដោយ ឆន្ទៈ និងស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់និន្នាការនយោបាយ ក្នុងនាមខ្មែរតែមួយ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print