ភ្នំពេញ ៖ នៅលើភូមិគ្រឹៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្ហាញភាពញញឹម សប្បាយចិត្ត ថត ស្វាគមន៍ក្បួនថ្មើរជើងនៃព្រឹត្តិការណ៍ «Solidarity March» ដែលជាព្រឹត្តិការណ៍បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋកម្ពុជា រង្វង់១៥ម៉ឺននាក់ ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានបក្សកាន់អំណាចដ៏មានឥទ្ធិពល បានឱ្យដឹងថា ៖ មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។
លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ។
លោក ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា ការជួបជុំនៅពេលនេះ ក៏អាចជាសារមួយផងដែរ ហើយសារនោះគឺបញ្ជាក់ថា ពេលដែលប្រទេសកម្ពុជា មានការគំរាមកំហែង ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ប្រសិនបើមានការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដី របស់ប្រជាជនកម្ពុជា។
លោកបានសង្កត់ធ្ងន់ទៀតថា «យើងនឹងងើបឈរ ដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើងក្នុង ការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ជាតិ។ ទោះជាយ៉ាងក្តី យើងជ្រើសរើសស្របតាមការណែនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្នែកលើមូលដ្ឋានច្បាប់»៕
ដោយ ៖ សិលា