លួចឆ្កែ លួចមាន់លក់យកលុយជក់ថ្នាំ ត្រូវប៉ូលិសអង្គស្នួលឃាត់ខ្លួនបុរសម្នាក់ នៅបរិវេណវត្ត

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ឈ្មោះ ឈុំ ឈឿន អាយុ ៤២ឆ្នាំរស់នៅឃុំលំហាច ស្រុកអង្គស្នួល ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចសត្វឆ្កែ និងសត្វមាន់យកទៅលក់ដើម្បីយកលុយទិញគ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ១៦ មិថុនា ២០២៥ វេលាម៉ោង ២១និង១៥នាទីយប់ នៅក្នុងបរិវេណវត្តបល្ល័ង្កផ្កាឈូក ភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ មិថុនា ២០២៥ ជនរងគ្រោះឈ្មោះ ម៉ន វុទ្ធី រស់នៅឃុំលំហាច ស្រុកអង្គស្នួល ទទួលព័ត៌មានពីព្រះសង្ឃចៅអធិកាវត្តថា កាលពីយប់មិញ មានជនសង្ស័យម្នាក់បានជិះម៉ូតូមកឈប់ក្នុងបរិវេណវត្ត ហើយបានយកធ្នាក់ទៅទាក់សត្វឆ្កែ១ក្បាល រួចលួចចាប់សត្វមាន់៤ ក្បាល ដែលកំពុងដេកក្នុងតូបលក់ចាប់ហួយក្បែរផ្លូវចូលវត្ត រួចជិះម៉ូតូគេចខ្លួនបាត់។ ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច សហការជាមួយផ្នែកជំនាញស្រុក បានចុះស្រាវជ្រាវកំណត់មុខសញ្ញា។

លោកអធិការបានបន្តថា លុះដល់ថ្ងៃទី១៨ មិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៦និង៣០នាទីល្ងាច កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈុំ ឈឿន រស់នៅឃុំលំហាច ស្រុកអង្គស្នួល រួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។ វត្ថុតាងចាប់យកបានរួម មាន៖ ធ្នាក់សម្រាប់ទាក់សត្វឆ្កែធ្វើពីដើមឫស្សី ១ដើម និងម៉ូតូ Honda Super Cub 90cc សេរីចាស់ ១ គ្រឿង ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម (+)។

លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈុំ ឈឿន បានសារភាពថា ខ្លួនពិតជាបានយកអន្ទាក់ទាក់ឆ្កែទៅដាក់នៅវត្ត ហើយក្រោយបានសត្វឆ្កែ ក៏យកទៅលក់បានប្រាក់ ៥០.០០០រៀល ដើម្បីយកទៅទិញគ្រឿងញៀនជក់ជាមួយបក្ខពួក។ រូបគេក៏បានសារភាពថា ខ្លួនប្រើប្រាស់គ្រឿងញៀនរយៈពេល ២ឆ្នាំ មកហើយ។ ជុំវិញបរិវេណវត្ត កន្លងមកតែងតែមានការ បាត់បង់សត្វឆ្កែ និងសត្វមាន់ជារឿយៗផងដែរ។

...

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print