ខេត្តបាត់ដំបង៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសហការីក្នុងវិស័យយុត្តិធម៌ សំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនវីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងយោធភូមិភាគទី៥ នៃភូមិសាស្ត្រខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥, លោកប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី, គណៈមេធាវីនៃព្រះរាជាណាក្រកម្ពុជា, ចៅក្រម, ព្រះរាជអាជ្ញារង, ក្រឡាបញ្ជី, អាជ្ញាសាលា, មន្ត្រីរដ្ឋបាលសាលាជម្រះក្តី, មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង, យោធិន និងនគរបាល ជាច្រើនរូប។
នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានរាយការណ៍អំពីស្ថានភាពមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា ស្ថិតនៅយោធភូមិភាគទី៥ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងក្រុមការងារដែលបាននាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគនានាផ្តល់ជូនវីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងយោធភូមិភាគទី៥ នៃភូមិសាស្ត្រខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ បានធ្វើការប្តេជ្ញាចិត្តរួចជាស្រេចក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលប្រកបដោយភាពម៉ឺងម៉ាត់ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន។
មានប្រសាសន៍នៅក្នុងពិធីនេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោតសរសើរចំពោះវីរៈកងទ័ពកម្ពុជាទាំងអស់ដែលបានប្តេជ្ញាចិត្តដ៏មោះមុត និងអង់អាចក្លាហាន ដោយហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។ ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការគាំទ្រ និងជួយជ្រោមជ្រែងសមរភូមិមុខពីសំណាក់សមរភូមិក្រោយ ក្នុងស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សំដៅការពារឱ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ជាមួយគ្នានេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្មារតីស្នេហាជាតិរបស់ លោក លោកស្រី ដែលបម្រើការក្នុងវិស័យយុត្តិធម៌ ក៏ដូចជា បងប្អូនសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង តាមរយៈការបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ទាំងផ្នែកថវិកា ទាំងផ្នែកសម្ភារ ទាំងផ្នែកស្មារតី ដើម្បីបង្ហាញនូវការគាំទ្រ និងជ្រោមជ្រែងយ៉ាងពេញទំហឹងដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន កងរាជអាវុធហត្ថ និង កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅជួរមុខ៕ដោយ៖តារា