ភ្នំពេញ៖ យុវជនម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានចេញពីផ្ទះដោយប្រាប់ម្តាយថាទៅញាំុអីជាមួយមិត្តភក្តិ តែបែរជាជិះម៉ូតូមកលោតទឹកពីលើស្ពានជ្រោយចង្វាចាស់សម្លាប់ខ្លួនទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យុវជនរងគ្រោះមានឈ្មោះ ផាត សុវណ្ណមុន្នី ហៅបញ្ញា អាយុ១៧ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ ទើបតែប្រលងចប់ មានទីលំនៅផ្ទះលេខ44A ផ្លូវលេខ265 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុងសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1BE-0337 ដែលមានម្តាយឈ្មោះ ផាន់ សុវណ្ណា អាយុ៥៤ ឆ្នាំ មានមុខរបរធ្វើការក្នុងកំពង់ផែភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងឡើងទៅលើស្ពានជ្រោយចង្វាក្នុងទឹសដៅពីលិចទៅកើត ពេលមកដល់ជិតពាក់កណ្តាលស្ពានជ្រោយចង្វា ជនរងគ្រោះបានចុះពីលើម៉ូតូឡើងទៅលើបង្កាន់ដៃស្ពានរួចលោតចុះក្រោមតែម្តងដោយមានពាក់មួកសុវត្ថិភាព ។
បើតាមសម្ដីរបស់ម្តាយជនរងគ្រោះវិញបានឲ្យដឹងថា នៅរសៀលម៉ោង២និង៣០នាទីរសៀលថ្ងៃកើតហេតុ កូនប្រុសគាត់បានសុំទៅក្រៅមានកម្មវិធីជាមួយមិត្តភក្តិព្រោះទើបតែប្រឡងចប់ ។ លុះរហូតមកដល់ម៉ោងប្រហែល៧យប់កូនប្រុសគាត់បានទូរស័ព្ទមកប្រាប់គាត់ថាអត់ទាន់ត្រឡប់ទៅផ្ទះវិញទេ កំពុងញាំុអីជាមួយមិត្តភក្តិ ។ ស្រាប់តែនៅវេលាម៉ោង១០យប់មានគេទូរស័ព្ទសួរគាត់ថា ត្រូវជាអ្វីនិងឈ្មោះ ផាត សុវណ្ណមុន្នី ព្រោះឥឡូវនេះ មុន្នីបានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនធ្លាក់ចូលក្នុងទឹកទេ ព្រោះគាត់លោតចំកន្លែងគោក ។ ប្រភពដដែលបានបន្តទៀតថា គ្រាន់តែលឺថាកូនប្រុសលោតសម្លាប់ រូបគាត់ជាម្តាយស្ទើរខ្យល់ចាប់ ហើយក៏ស្ទុះស្ទារធ្វើដំណើរមកកាន់ស្ពានជ្រោយចង្វាភ្លាមៗដែរ ។ រូបគាត់ជាម្តាយនៅតែមិនអស់ចិត្ត មិនដឹងថាកូនប្រុសមានវិបត្តអ្វីទេបានជាដល់ថ្នាក់ហ៊ានលោតសម្លាប់ខ្លួនដូច្នេះ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែកម្តាយជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ស្រះចក ដើម្បីធ្វើលិខិតស្នាមទទួលយកម៉ូតូត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ ព្រែក ជ័យ