ខេត្តកំពង់ចាមៈ គួរអាសូរណាស់ ជីតាបានស្លាប់ កូននិងចៅរងរបួសធ្ងន់ស្រាល ខណៈកំពុងជិះម៉ូតូ ហើយដួលនៅលើស្ពានសង្ស័យមកពីទាក់ដៃចង្កូតម៉ូតូ និងបេ អង្ករដែលគេដឹកពីខាងមុខ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅលើផ្លូវជាតិលេខ០៧ ចំនុចលើស្ពានអូរដា ស្ថិតក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មាននៅកន្លែងកើតបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ឹម យឿន ភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅភូមិអន្លង់ស្នូក ឃុំ អូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជិះម៉ូតូម៉ាកហុងដាវ៉េវពណ៏ខ្មៅគ្មានស្លាកលេខ ឌុបមនុស្សចំនួន ២នាក់ ទី១ យឿន ឌីម ភេទស្រីអាយុ៣០ឆ្នាំ ត្រូវជាកូនបង្កើតទី២ ប៉ូ ស្រីណែត ភេទស្រីអាយុ៥ខែត្រូវជាចៅបង្កើត។
ប្រភពបានបញ្ជាក់ បន្តថា ជនរងគ្រោះបានបើកបរ ក្នុងទិសដៅពីលិចទៅកើត ខណះពេល បើកមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្តាលឲ្យដួល បោកទៅនឹងថ្នល់ លើស្ពាន រងគ្រោះយ៉ាង អាណោចអាធ័ម តែម្តង សង្ស័យចង្កូតម៉ូតូទើសចង្អៀតនឹងបេ អង្ករដែលជនរងគ្រោះដឹកដាក់លើចង្អើរ ជាប់ពីមុខនឹងជនរងគ្រោះ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ បានចុះ មកជួយ អន្តរាគមន៍ និងប្រគល់ សាកសពឲ្យទៅ សាច់ញាតិ ជនរងគ្រោះយកទៅធ្វើ បុណ្យតាមប្រពៃណី ផងដែរ។ចំណែកម៉ូតូ ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុករងចាំ ម្ចាស់ដែលជាសាច់ញាតិជនរងគ្រោះមកទទួលនៅថ្ងៃក្រោយ៕
ដោយៈវណ្ណះ