Update៖​ បាតុករទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ចុះពីតំណែងត្រឹមថ្ងៃទី២៤ មិថុនា ដោយគំរាមតវ៉ាបិទវិមានរដ្ឋាភិបាលនៅក្រុងបាងកក

ចែករំលែក៖

ទីក្រុង​បាងកក​៖​ ក្រុមបាតុករ​ និងបណ្តាញនិស្សិត ដើម្បីកំណែទម្រង់ប្រទេសថៃ ហៅកាត់ថាក្រុម NSPRT និងក្រុម Dhamma Army កំពុងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ដោយរៀបចំការតវ៉ារបស់ពួកគេនៅស្ពាន Chamai Maruchet និងដាក់ថ្ងៃកំណត់ចុះពីតំណែងត្រឹមថ្ងៃទី២៤ ខែមិថុនា ខណៈគំរាមតវ៉ាកាន់តែធំថែមទៀតដើម្បីបិទវិមានរដ្ឋាភិបាលនៅក្រុងបាងកក។

មេដឹកនាំក្រុម NSPRT លោក Pichit Chaimongkol បាននិយាយថា ក្រុមនេះនឹងនៅបោះជំរំតវ៉ារហូតដល់នាយករដ្ឋមន្ត្រីថៃ ព្រមចុះចេញពីដំណែង ដោយមានបាតុកម្មដ៏ធំមួយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមិថុនា ខាងមុខនេះ ហើយប្រសិនបើការទាមទារមិនត្រូវបានបំពេញទេនោះ បាតុករនឹងបិទច្រកចូលវិមានរដ្ឋាភិបាលដើម្បីរំខានដល់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

ក្រុមអ្នកតវ៉ាក៏អំពាវនាវឱ្យគណបក្សចម្រុះទាំងអស់ដកខ្លួនចេញពីរដ្ឋាភិបាល និងឱ្យលោកស្រី Paetongtarn ចេញមុខសូមអភ័យទោសប្រជាជាតិថៃ និងលាលែងពីតំណែងជាបន្ទាន់ នៅក្នុងភាពច្របូកច្របល់ផ្ទៃក្នុងចុងក្រោយបំផុត ដែលកំពុងដុតបញ្ឆេះវិបត្តិនយោបាយផ្ទៃក្នុង។

បាតុកម្មដ៏តានតឹងនេះកើតឡើងស្របពេលអស្ថិរភាពនយោបាយក្នុងប្រទេសថៃ និងជម្លោះផ្ទៃក្នុងរវាងគណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច និងដៃគូចម្រុះរបស់ខ្លួនគឺគណបក្ស ភូមចៃថៃ (Bhumjaithai) ដែលអាចទម្លាក់ទំនុកចិត្តវិនិយោគិនកាន់តែខ្លាំង ស្របពេលជំហរសេដ្ឋកិច្ចដ៏ទន់ខ្សោយរួចទៅហើយ៕ ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print