ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបុរសរូបនោះបានជិះម៉ូតូហុងដាឌ្រីមខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ត្រូវរថយន្តឡិចស៊ីសបេីកដោយបុរសម្នាក់ទៀតជ្រុលទៅបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ៩៩កែងផ្លូវលេខ៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1402 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្តម៉ាកឡិចស៊ីសRX៣០០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-2554 បានបេីកតាមបណ្ដោយផ្លូវលេខ៤៣៦ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នា ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរងការខូចខាត ព្រមទាំងធ្វើឲ្យអ្នកបេីកម៉ូតូរងរបួសបាក់ជើងខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាមុយ យកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខ អ្នកបេីកបរបានរត់គេចទៅបាត់ ។
ក្រោយពេលកេីតហេតុ មិនអាចដោះស្រាយគ្នាបាន រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមនធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ
