ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានថ្លែងថា ទោះបីជារយៈពេល ៣០ឆ្នាំ មកនេះ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអ្នកជំនាញបរទេស បានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានិភ័យក៏ដោយ ក៏រយៈពេល ១០ឆ្នាំ ទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរា នៅតែបន្តការងារជួយសង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក) ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ថាការងារជួសជុល ថែទាំ និងអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្តសៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។
លោកស្រីប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថា តម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ គឺជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។ លោកស្រីថា «បើទោះបីជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ អាជ្ញាធរអប្សរាបានប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើនឱ្យរួចផុតពីហានិភ័យ រួចហើយក្តី ក៏នៅក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរានៅតែបន្តជួយ សង្គ្រោះប្រាសាទបុរាណជាច្រើនថែមទៀត»។ ទស្សនៈវិស័យរបស់អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ក្រៅតែពីបន្តជួយសង្គ្រោះប្រាសាទបុរាណ ក៏នឹងប្រឹងប្រែងបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយជាច្រើន ឱ្យចេះជំនាញជួសជុលនិងថែរក្សាប្រាសាទបុរាណជំនួសអ្នកជំនាញបរទេសផងដែរ។
អ្នកជំនាញ ADHOC សម្រាប់ការអភិរក្សបេតិកភណ្ឌ លោក Mounir Bouchenaki បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ)ដែលមានជប៉ុននិងបារាំងជាសហប្រធាន ក្រៅតែពីបានជួយសង្គ្រោះប្រាសាទបុរាណជាច្រើននៅតំបន់អង្គរ ឱ្យរួចផុតពីគ្រោះថ្នាក់ និងលើកតម្លៃអង្គរឱ្យកាន់តែល្បីល្បាញ ក៏បានរួមគ្នាធ្វើធម្មនុញ្ញអង្គរដ៏វិសេសមួយ ដែលធ្វើឱ្យប្រទេសជាច្រើនបានយកគំរូតាម។
បន្ថែមលើនេះ ក្រៅពីការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីឱ្យមានជំនាញអភិរក្សបន្តវេន ក៏បានប្រមូលយកវត្ថុបុរាណ និងបដិមារពីបរទេស ឱ្យវិលត្រឡប់មកមាតុភូមិកំណើតជាបន្តបន្ទាប់ ធ្វើឱ្យកាន់តែមានភាពសម្បូរបែបឡើងវិញ នៅក្នុងសារមន្ទីរនៃប្រទេស កម្ពុជាផងដែរ៕
ដោយ៖តារា