ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥២២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១ ៩២២ក្រាម ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ YANG WOONJIN ភេទប្រុស អាយុ ៣១ឆ្នាំ និងជនត្រូវចោទ ចំនួន ១នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ YANG WOONJIN ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ៖តារា