ខេត្តប៉ៃលិន៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ស្រី អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៥) និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារទីស្នាក់ការ (ស.អ.ក) ខេត្ត ស្ថិតក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បន្ទាប់ពីលោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត អានសារលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជារួចមក លោក បាន ស្រី អភិបាលខេត្ត និងជា ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍អបអរសាទរចំពោះទិវាអតីតយុទ្ធជនខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅឆ្នាំ២០២៥ និងជារៀងរាល់ឆ្នាំកន្លងមក គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ដោយមានគុណបំណាច់របស់បងប្អូនពូមីងជាវីរៈអតីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ពេញលេញ និងបានគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់អុំ ពូ មីង ជាវីរៈអតីតយុទ្ធជនទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា៖ ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ បូករួមទាំងការយកចិត្តទុកផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបាច់បង់ប្រាក់ផងដែរ៕
បើតាមរបាយការណ៍របស់លោក សេង សុគន្ធ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ន អតីតយុទ្ធជននៅខេត្តប៉ៃលិន បានចូលជាសមាជិក ស.អ.ក. ខេត្តប៉ៃលិន សរុបចំនួន ១៤៣២នាក់ ក្នុងនោះ ជន ពិការចំនួន ៨០៥នាក់, និវត្តជនចំនួន ៤៥៦នាក់, ជនបាត់បង់សមត្ថភាពការងារចំនួន ១៥នាក់, គ្រួសារជន ពលីចំនួន ១២៦នាក់ និងគ្រួសារជនមរណៈចំនួន ៣០នាក់ ហើយចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥ ស.អ.ក. ខេត្ត ប៉ៃលិន បានសាងសង់ផ្ទះ អតីតយុទ្ធជនសរុបបានចំនួន ២០ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំណែកអាគារទីស្នាក់ការ (ស.អ.ក) ខេត្ត ដែលម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្នត្រូវបានសាងសង់រួចជាស្ថាពរ ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយសាងសង់តាមរចនាបថខ្មែរ អំពីបេតុងអាម៉េ ជាន់ផ្ទាល់ដី ប្រក់ក្បឿង ដែលមានទំហំអគារ ២០ម៉ែត្រ គុណនឹង ១៨ម៉ែត្រ មានក្រឡាផ្ទៃសរុប ២៤៤ ម៉ែត្រការ៉េ មាន ៦បន្ទប់ សាងសង់លើដីទំហំទទឹង ២៧ម៉ែត្រ និងបណ្តោយ ៧៧ម៉ែត្រ ៕
ដោយ÷ស សារ៉េត