អន្តរជាតិ ៖ លោក Pirapan Salirathavibhaga ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីថាមពលថៃ បានចេញមកបញ្ជាក់ថា លោកបានជួបពិភាក្សាជាមួយមន្រ្តីពាក់ព័ន្ធ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្អាកនាំចូលប្រេង និងឥន្ទន:ពីថៃ ចាប់ពីម៉ោង១២យប់នេះទៅ។
លោកថា ភាគីថៃនឹងបញ្ជាក់ ហើយឆ្លើយតបលើរឿងនេះឲ្យបានច្បាស់នៅថ្ងៃស្អែក (២៣ មិថុនា)។
បើតាមរដ្ឋមន្រ្តីថៃរូបនេះ សម្រាប់ស្ថានីយ៍ប្រេង PTT នៅស្រុកខ្មែរមានចំនួន១៨៦កន្លែង និងហាងកាហ្វេ Amazon ២៥៤កន្លែង តែនៅថៃវិញស្ថានីយ៍ប្រេង PTT មានរហូតជាង២០០០កន្លែង។
រដ្ឋមន្រ្តីថាមពលថៃ បានឆ្លើយបញ្ជាក់ថា ការហាមឃាត់នាំចូលប្រេងពីថៃ មកកម្ពុជានេះ នឹងមិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនឡើយ។
ចាំមើលតើថៃនឹងឆ្លើយតបដោយរបៀបណាទៀត ជាមួយវិធានការយ៉ាងម៉ឺងម៉ាត់របស់នាយករដ្ឋមន្រ្តីយើងនៅពេលនេះ។
នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពលមានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចាប់ពីម៉ោង ០០:០០ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីព្រះរាជាណាចក្រថៃទាំងស្រុង។ ព្រះរាជាណាចក្រកម្ពុជាមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស។
នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា ៕
ដោយ ៖ សិលា