ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក. នៅព្រឹកចន្ទទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅខេត្តសៀមរាប។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងអរគុណស ស យ ក ដែលបានរៀបចំកិច្ចប្រជុំនេះ ទទួលបានជោគជ័យដោយរលូន និងចូលរួមអបអរសាទរសមិទ្ធផលថ្មីៗដែល ស ស យ ក សម្រេចបាន។
-សម្ដេចធិបតី ថ្លែងថា ស ស យ ក កំពុងចូលរួមថែរក្សាមរតកដូនតាជំនាន់មុន ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការកសាងមាតុភូមិ។
-សម្តេចធិបតី ថ្លែងថា ការពលីរបស់យុទ្ធជនខ្មែរ លោក ព្រិលបាលឯក សួន រោន កាលពីថ្ងៃទី២៨ កន្លងទៅនេះ គឺជាគំរូវីរភាពមួយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ហើយជាថ្មីម្តងទៀត សម្តេច សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសពលោក សួន រោន ផងដែរ។
-សម្តេចធិបតី ថ្លែងថា ការជួបជុំគ្នាដើរដោយថ្មើជើង ដែលបានរៀបចំឡើងដោយឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងទៅថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញនូវការ សាមគ្គីជាតិ ឯកភាពជាតិ ខណៈព្រឹតិ្តការណ៍នេះ មានការចុះផ្សាយពីទូរទស្សន៍អន្តរជាតិជាច្រើន រួមទាំងសារព័ត៌មានថៃ ក៏មានការផ្សព្វផ្សាយដែរនោះ។
-សម្ដេចធិបតី ថ្លែងថា កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុង មានបញ្ហា បានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ច ការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ។
-សម្តេចធិបតី ថ្លែងថា កោះឫស្សី គឺនៅតែជារបស់កម្ពុជា ដោយមិនបានបាត់ទៅណានោះទេ ហើយបងប្អូនប្រជាពលរដ្ឋអាចទៅលេងបានគ្រប់ពេលវេលា ខណៈមានជនអគតិមួយក្តាប់តូច បានបង្ហោះថា កោះនេះ ត្រូវបានគេយកទៅគ្រប់គ្រងហើយនោះ គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ។
-សម្តេចធិបតី ថ្លែងថា យើងមិនទៅបំពានអ្នកណា ប៉ុន្តែយើងត្រៀមលក្ខណៈចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងកិត្តិយសជាតិរបស់យើង។
-សម្តេចធិបតី ថ្លែងថា ហេតុដែលធ្វើឲ្យកម្ពុជាឆ្លើយតបគឺដោយសារមានការបញ្ឆេះស្មារតីជាតិនិយមរបស់ប្រទេសថៃ។ កម្ពុជាធ្វើចលនាជាតិនិយម គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ។ កម្ពុជាមិនឈ្លានពានប្រទេសណានោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីដុតប្រទេសនោះទេ។
-សម្តេចធិបតី ថ្លែងថា ការឆ្លើយតបរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនគឺជាការឆ្លើយតបក្នុងការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ប្រទេសថៃ។ កម្ពុជាទន់ភ្លន់តែបើប្រទេសជិតខាងបំពានកម្ពុជា ត្រូវតែមានវិធានការឆ្លើយតប ដើម្បីការពារបូរណភាពទឹកដី។
-សម្តេចធិបតី ថ្លែងថា កុំឲ្យភាគីថៃពិបាកគំរាមដល់កម្ពុជា ដូច្នេះរាជរដ្ឋាភិបាលសម្រេចបិទមុនតែម្ដងទៅលើសេវាអគ្គិសនីអ៊ីនធឺណិត ប្រេងឥន្ធនៈហ្គាសពីប្រទេសថៃ ខណៈកម្ពុជាអាចកំដរបានគ្រប់ពេលវេលា។
-សម្តេចធិបតី ថ្លែងផ្តាំទៅភាគីថៃម្តងទៀតថា ដរាបណាភាគីថៃបើក ច្រកជាឯកតោភាគីវិញ ទើបកម្ពុជាសម្រេចបើកវិញដែរ ហើយការបើកនេះគឺមិនមែនតែមួយច្រកទេ គឺគ្រប់ច្រកទាំងអស់ទើបកម្ពុជាបើក។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាឆ្អែតនឹងសង្គ្រាមហើយ មិនចង់មានសង្គ្រាមទៀតទេ តែ កុំមករំលោភបំពានកម្ពុជា។ កម្ពុជា មានកងទ័ពដែលមានទឹកចិត្តក្លាហាន និងស្មោះស្ម័គ្រ និងការបំពាក់ ឧបករណ៍គ្រប់គ្រាន់សម្រាប់កិច្ចការពារជាតិ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាមិនចង់បិទច្រកព្រំដែនទេ ដោយសារកងទ័ពថៃបិទព្រំដែនមិនបានពិភាក្សាជាមួយកម្ពុជា។ បើកងទ័ពថៃបើកដោយឯកោភាគី កម្ពុជានិងអនុវត្តតាមក្នុងរយៈពេល៥ម៉ោងក្រោយ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលទោះបីមិនបានប្រកាសតាមអនឡាញ។ប៉ុន្តែក្រសួងការបរទេសកម្ពុជាដែលមានស្ថានទូតប្រចាំនៅអ៊ីស្រាអែល ឥណ្ឌា ទួគី បានធ្វើការជាប្រចាំទំនាក់ទំនងដល់ប្រជាជនខ្មែរនិស្សិត ដែលកំពុងរស់នៅក្នុងប្រទេសកំពុងមានសង្គ្រាម។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្រៅស្រុក។
-សម្តេចធិបតី ថ្លែងថា ផលិតផលរបស់យើង បច្ចុប្បន្នមានសមត្ថភាពផលិតដោយខ្លួនឯង បាននៅក្នុងស្រុក។ សូមបងប្អូនអ្នកលក់ដូរកុំឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងពេលប្រទេសជាតិមានបញ្ហា។សម្ដេចចូលរួមអបអរ និងការចូលរួមគាំទ្រនូវផលិតផលខ្មែរនេះ ជាស្មារតីខ្មែរជួយខ្មែរ ក្នុងពេលលំបាក។
-សម្តេចធិបតី ថ្លែងថា ការបិទដោយឯកតោភាគី គួរគិតគូរពីអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមព្រំដែន។ ការបិទព្រំដែននេះ កុំចោទដាក់មកកម្ពុជា សំខាន់កងទ័ពថៃ ឬក៏រាជរដ្ឋាភិបាលថៃបើកដោយឯកតោភាគី កម្ពុជានឹងបើកច្រកតាមក្រោយ។ បើគ្មានការបើកច្រកតាមព្រំដែននោះទេគ្មានការជជែកពិភាក្សាចរចា IBC នោះទេ។
-សម្តេចធិបតី ថ្លែងថា ភាគគឺថៃមានការរំលោភបំពានបើកយន្តហោះ នឹងដ្រូនចូលទឹកដីកម្ពុជា ជាញឹកញាប់ ជាការឆ្លើយតបកងទ័ពកម្ពុជា បានបាញ់ទម្លាក់ដ្រូននោះ។
-សម្តេចធិបតី ថ្លែងថា ការប្រកាសតំបន់ជម្លោះព្រំដែនជារបស់ខ្លួន ដោយឯកតោភាគី និងដោយក្រុមជ្រុលនិយមថៃនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់នោះទេ។ កម្ពុជាមិនចង់បានដីអ្នកណាមួយមីលីម៉ែត្រនោះទេ ហើយកម្ពុជាមិនឲ្យបាត់បង់ដីមួយមីលីម៉ែត្រផងដែរ។
-សម្ដេចធិបតី ថ្លែងថា កុំប្រមាថកម្ពុជាឱ្យសោះ ដោយការសម្ញែងគ្រឿងយុទ្ធោបករណ៍ទំនើបៗនោះ ព្រោះកម្ពុជាមិនចាញ់ការគំរាមកំហែងនោះឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ច បើមិនចៀសរួចពីការប្រយុទ្ធគ្នា។ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយបកដើម្បីការពារបូរណភាពទឹកដី។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ថែមទៀត បើសិនជាមានការផ្ទុះអាវុធប្រយុទ្ធគ្នា ខណៈពេលនេះ កម្ពុជា កំពុងខិតខំណាស់ក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធី និងសន្តិភាព។
-សម្ដេចធិបតី ថ្លែងថា ស្មារតីជាតិនិយមរបស់ថៃ បង្កបញ្ឆេះទំនាស់ព្រំដែន បានហៀរមកដល់ប្រទេសកម្ពុជា ដែលស្មារតីជាតិនិយមរបស់កម្ពុជាត្រូវតែកើតមានឡើងដែរដោយក្ដីឈឺចាប់ ដើម្បីទប់ទល់។ កុំយកបញ្ហា ក្នុងប្រទេសថៃ មកពាក់ព័ន្ធជាមួយកម្ពុជា។
-សម្តេចធិបតី ថ្លែងថា ការបញ្ឆេះជាតិនិយមនៅថៃ មិនមែនជាការផ្ដួចផ្ដើមរបស់កម្ពុជានោះទេ។ កម្ពុជាមិនបានបញ្ឆេះនូវជាតិនិយមនោះទេ។ កម្ពុជាមានការអត់ធ្មត់ គឺចង់ស្វែងរកសន្តិភាពរវាងប្រទេសជិតខាង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនរបស់យើងត្រូវបន្តធ្វើឱ្យបានល្អពីយុវជនជំនាន់មុន ដែលបានកសាងមូលដ្ឋានច្រើនណាស់សម្រាប់ប្រទេសជាតិយើង ដូចនេះយុវជនត្រូវបន្តថែរក្សាពង្រីកសមត្ថភាពនេះឲ្យកាន់តែខ្លាំងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
-សម្ដេចធិបតី ថ្លែងថា«ខ្ញុំបញ្ជា ខ្ញុំទទួលខុសត្រូវ» នេះគឺជាការអះអាងរបស់សម្ដេចធិបតី បន្ទាប់ពីសម្រេចបិទព្រំដែននៅខេត្តឧត្ដរមានជ័យ។ សម្ដេច បញ្ជាក់បន្ថែមថា នៅកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាទៅថ្នាក់ក្រោមបានទាំងអស់ ហើយសុទ្ធតែស្ដាប់ ខុសពីប្រទេសថៃ មេទ័ពតូចមួយ មិនគោរពនាយករដ្ឋមន្ត្រី។
-សម្ដេចធិបតី ថ្លែងថា កុំឌឺ កុំមើលងាយ និងកុំភ្លេចថាកម្ពុជា ងើបពីចំណុចសូន្យ បាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅតែអាចរស់បាន រីកចម្រើនមានទំហំសេដ្ឋកិច្ចធំជាងមុនឆ្ងាយណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា មិនឱនក្បាលឱ្យថៃប្រមាថ ជាន់ឈ្លីស្រេចតែអំពើចិត្ត មិនឱនដើម្បីតែប្រយោជន៍សេដ្ឋកិច្ចឡើយ ព្រោះបើកម្ពុជាមិនទិញទំនិញថៃ ថៃទេជាអ្នកខាត៕ដោយ៖ស តារា