ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វិធានការដែលកម្ពុជាដាក់គឺការឆ្លើយតបដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដី ពោលគឺកម្ពុជាមិនចង់បានដីអ្នកណាសូម្បី ១មីលីម៉ែត្រ ហើយក៏មិនឱ្យគេបំពាន ១មីលីម៉ែត្របានដែរ។ នេះហើយជាការប្តេជ្ញាចិត្តរបស់កម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី «បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅសណ្ឋាគារសុខាសៀមរាប» នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគាំទ្រការវាយលុកដើម្បីការពារឧត្តមប្រយោជន៍យើងធ្វើនៅលើសមរភូមិច្បាប់ទៅ ICJ កងទ័ពស្រួចរបស់យើង សមរភូមិការទូត ហើយបើចាំបាច់សមរភូមិយោធា។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យកម្លាំងជាតិទាំងមូលនៅពីក្រោយទ័ពស្រួចរបស់យើងទាំង ៣មុខ ព្រួញដើម្បីធ្វើការដោយមានការទុកចិត្តលើរាជរដ្ឋាភិបាល ផ្តល់ការទុកចិត្តទៅលើកងកម្លាំងប្រដាប់អាវុធពីសមត្ថភាព និងឆន្ទៈរបស់ពួកគាត់ដើម្បីពួកគាត់ប្រមូលផ្តុំគំនិត ប្រមូលផ្តុំអារម្មណ៍ដើម្បីត្រៀមការពារជាតិការពារទឹកដី។ ក្រុមចរចាច្បាប់ជំរុញការងារនេះទៅ ICJ ការងារការទូត និងការងារផ្សេងៗទៀតដែលយើងត្រូវធ្វើដើម្បីការពារអធិបតេយ្យភាព មុខមាត់ជាតិរបស់យើងពីការវាយបំផ្លាញ និងការប៉ុនប៉ង់បំបាក់មុខកម្ពុជានៅលើឆាកអន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ថែមទៀត បើសិនជាមានការផ្ទុះអាវុធប្រយុទ្ធគ្នា ខណៈពេលនេះ កម្ពុជា កំពុងខិតខំណាស់ក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធី និងសន្តិភាព ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កុំប្រមាថកម្ពុជាឱ្យសោះ ដោយការសម្ញែងគ្រឿងយុទ្ធោបករណ៍ទំនើបៗនោះ ព្រោះកម្ពុជាមិនចាញ់ការគំរាមកំហែងនោះឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ច បើមិនចៀសរួចពីការប្រយុទ្ធគ្នា។ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយបកដើម្បីការពារបូរណភាពទឹកដី៕
ដោយ ៖ សិលា