មូលធនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់បានបន្តហូរចូលទៅក្នុងវិស័យអចលនទ្រព្យនៅវៀតណាម ពោលគឺភាគច្រើនបានមកពីលំហូរដ៏ច្រើនរបស់អ្នកវិនិយោគសិង្ហបុរី និងបណ្តាប្រទេសអាស៊ីមួយចំនួន។
ទិន្នន័យរបស់ភ្នាក់ងារវិនិយោគផ្ទាល់ពីបរទេសបានបង្ហាញថា វិស័យអចលនទ្រព្យមានប្រហែលជា ៥,៣ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប នៅពាក់កណ្តាលទី១នៃឆ្នាំ២០១៦នេះ។ ក្នុងនោះមូលធនបរទេសមាន ៦០៤,៨ ស្មើនឹង ២៥គម្រោងអចលនទ្រព្យថ្មីដែលទទួលបានអាជ្ញាប័ណ្ណ ខណៈដែលឆ្នាំមុនមានតែ ៤៦៥,៤លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
អចលនទ្រព្យស្ថិតក្នុងវិស័យធំទី២ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពាក់កណ្តាលទី១នៃឆ្នាំ២០១៦នេះ។
លោក Jeff Foo ប្រធានអចលនទ្រព្យសិង្ហបុរីបានមានប្រសាសន៍ថា ការចូលរួមរបស់អ្នកវិនិយោគសិង្ហបុរី ដែលចាកចេញពីទីផ្សារក្នុងស្រុកដោយសារតែមានវិធានការល្អដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលវៀតណាម។
លោក Sigrid Zialcita នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cushman & Wakefield បានមានប្រសាសន៍ថា ខណៈដែលការដាក់កម្រិតទៅលើម្ចាស់បរទេសត្រូវបានបន្ធូរបន្ថយសម្រាប់ក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមនោះ ការជំរុញការវិនិយោគត្រូវបានបង្កើនឡើង ជាមួយនឹងវិធានការរឹតបន្តឹងឥណទានរបស់រដ្ឋាភិបាលវៀតណាម ដែលធ្វើឱ្យបរិយាកាសវិនិយោគបរទេសមានភាពល្អប្រសើរឡើង។ នេះជាឱកាសសម្រាប់ការវិនិយោគបរទេសដើម្បីពង្រីកពាណិជ្ជកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម។
អ្នកវិនិយោគសិង្ហបុរីបានចំណាយទឹកប្រាក់ជាង ១០,៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍ ៨១គម្រោងនៅប្រទេសវៀតណាម ក្នុងរយៈពេលជាង ៤ខែដំបូងនៃឆ្នាំ២០១៦។ ក្រុមហ៊ុនសិង្ហបុរីបានវិនិយោគជាមធ្យមចំនួន ២២,៧លានដុល្លារសហរដ្ឋអាមេរិកក្នុងប្រទេសនេះ។
ក្រុមហ៊ុនអចលនទ្រព្យ Keppel Land ដែលមានទីតាំងក្នុងប្រទេសសិង្ហបុរីបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងវិនិយោគមួយ ដើម្បីទិញគម្រោង ៤០ភាគរយពីគម្រោងអភិវឌ្ឍន៍ទីក្រុងហូជីមិញពីក្រុមហ៊ុន Empire city។
ក្រុមហ៊ុនសិង្ហបុរីផ្សេងទៀត រួមមាន SynGience កំពុងតែវិនិយោគទឹកប្រាក់ចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងគម្រោងអាផាតមិន DepotMetro Tower ជិតតំបន់ Tham Luong។
កូរ៉េខាងត្បូងក៏បានបង្ហូរមូលធនរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមផងដែរ។ ក្រុមហ៊ុន Samsung បានប្រកាសថ្មីៗនេះថា នឹងវិនិយោគទៅលើអគារ ដែលមាន ២១ជាន់នៅក្នុងទីក្រុងហាណូយក្នុងទឹកប្រាក់ចំនួន ៣០០លានដុល្លារសហរដ្ឋអាមេរិកផងដែរ។
ចំណែកអ្នកវិនិយោគជប៉ុនវិញក៏គ្រោងនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍវិស័យនេះតាមរយៈការប្រកាសនូវការកសាងផ្ទះចំនួន ៩.០០០ខ្នងនៅក្នុងខេត្ត Binh Duong កន្លងទៅថ្មីៗនេះដែរ៕
ដោយ៖ រ័ត្ន