ខេត្តព្រះសីហនុ ៖ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ នៅព្រឹកថ្ងៃទី២៣ មិថុនា បានអះអាងថា ស្ត្រីម្នាក់បានបាត់ខ្លួនពិតប្រាកដមែន បន្ទាប់ប្តីគាត់មកអះអាងបានប្រទះឃើញម៉ូតូរបស់ស្ត្រីរងគ្រោះ ។
យោងតាមសមត្ថកិច្ចដដែលឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយផ្តាច់ផ្លូវចូលទៅរមណីយដ្ឋានទឹកធ្លាក់ក្បាល ឆាយ ក្នុងនោះ មានម៉ូតូ១គ្រឿង និងស្ត្រីម្នាក់បានបាត់ខ្លួនហូរតាមទឹក មកទល់នឹងព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចរកឃើញតែម៉ូតូ ប៉ុន្តែស្ត្រីម្នាក់ដែលបាត់ខ្លួនតាមទឹកហូរនោះ រកពុំទាន់ឃើញនៅ ឡើយ ក្នុងនោះ សមត្ថកិច្ចក៏កំពុងតាមស្វែងរកបន្ត និងពុំទាន់ដឹងថា ជោគវាសនាស្ត្រីរូបនោះបែបណានៅឡើយ។
សមត្ថកិច្ចដកស្រង់សម្តីពីបុរសជាប្តីថា ប្រពន្ធដែលបាត់ខ្លួនមានឈ្មោះ ទ្រី ផល្លី បានជិះម៉ូតូ ម៉ាក SUZUKI SMASH គ្មានផ្លាកលេខ ធ្វើការជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅអូរ៣ សង្កាត់៤ ក្រុងព្រះសីហនុ និងថាគ្រោះថ្នាក់នេះ ទំនងជាកើតឡើងពេលស្ត្រីរងគ្រោះចេញពីធ្វើការត្រឡប់មកផ្ទះវិញ បើកម៉ូតូឆ្លងកាត់ចំពេលបាក់ផ្លូវ ។ ប៉ុន្តែពេលនោះ គាត់ពុំបានចាប់អារម្មណ៍និងនឹកស្មានថាប្រពន្ធរបស់គាត់ស្នាក់នៅផ្ទះមិត្តភក្តិបងប្អូន ហើយទូរស័ព្ទមិនចូលដោយសារអស់ថ្ម ។
រហូតព្រឹកថ្ងៃទី២៣ខែមិថុនានេះ សមត្ថកិច្ចបានប្រទះឃើញម៉ូតូរបស់ស្ត្រីរងគ្រោះ ទើបប្ដីសន្មត់ថា ប្រពន្ធរបស់ខ្លួន ពិតជាត្រូវបានទឹកកួច ។
គួរបញ្ជាក់ថា ហេតុការណ៍បាក់ដាច់ផ្លូវចូលទៅរមណីយដ្ឋានក្បាលឆាយនេះ មានបណ្តោយផ្លូវប្រវែងជាង២០ម៉ែត្រ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕