សារព័ត៌មាន AFP កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ ដោយហៅថាជាទង្វើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងចោទថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយអ៉ីស្រាអែល។
នេះជាការអត្ថាធិប្បាយដំបូងបំផុតរបស់កូរ៉េខាងជើង ចាប់តាំងពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅ។ «DPRK (កូរ៉េខាងជើង) ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើអ៉ីរ៉ង់ ដោយសហរដ្ឋអាមេរិកដែលជាទង្វើបំពានធម្មនុញ្ញ UN ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យនៃបណ្ដាប្រទេសដទៃ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទសកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយបន្ថែមថា ភាពតានតឹងសព្វថ្ងៃក្នុងតំបន់មជ្ឈិមបូព៌ាគឺបង្កឡើងដោយអ៉ីស្រាអែលដែលគិតតែពីប្រយោជន៍ខ្លួនឯង និងធ្វើសង្រ្គាមពង្រីកទឹកដីឥតឈប់ឈរ។
ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បាននិយាយថាការវាយប្រហាររបស់ខ្លួនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប៉ុន្តែបានអះអាងថាវ៉ាស៊ីនតោនគ្មានបំណងចង់ប្ដូរ របបដឹកនាំនៅអ៉ីរ៉ង់នោះទេ៕ ដោយធីរីណា
រូបថត: maxar