ខេត្តសៀមរាប ៖ នាឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតីមានប្រសាសន៍ថា កងកម្លាំងគាំទ្ររបស់ប្រជាជាតិដ៏ផុលផុសក្នុងពេលប្រទេសជាតិកំពុងមានបញ្ហា បានបង្ហាញឲ្យឃើញពីគោលជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឲ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ ខណៈទាំងរថក្រោះនិងដ្រូនរបស់ ប្រទេសជិតខាង ដូចជាថៃដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាបង្ហាញសំញ៉ែងមកកម្ពុជាក្នុងបំណងឌឺដង។
«ហើយកំពុងអង្គុយគិតអារថក្រោះមួយៗ ដាក់មកហ្នឹង អាហ្នឹងមិនគួរបើសិនយើងបាញ់ឆេះ យើងគួរឲ្យលើកទឹកចិត្តបងប្អូនប៉ុន្មាន ។ អាហោះ(ដ្រូន) អាស្អីៗហ្នឹង បង្ហាញមកហ្នឹង បើសិនបងប្អូនណាដាក់ឆេះ តើលើកទឹកចិត្តគាត់ប៉ុន្មាន គិតអាហ្នឹងទៅវិញ កំពុងតែពិចារណា មិនមែនជាការប្រមាថ ប៉ុន្ដែអ្នកបញ្ចេញបែបនេះហើយគំរាមមកយើង។ ទ័ព គេមកបាញ់ទ័ពខ្មែរធ្វើជី ធ្វើអី អ្នកឯងថាចុះ រឿងតាមហ្វេសប៊ុកចុះ។ ប៉ុន្ដែ សូមកុំប្រមាថឲ្យសោះ»។
សម្តេចបវរធិបតីបន្ដថា កម្ពុជា មិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ ព្រោះកម្ពុជាបានឆ្អែតឆ្អន់ហើយចំពោះការធ្វើសង្គ្រាមពីអតីតកាល ប៉ុន្ដែបើសិនជាមានការបំពានហើយ គឺកម្ពុជានឹងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធការពារជាតិហើយ ៕
ដោយ ៖ សិលា