ខេត្តព្រះវិហារ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់។
សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំខ្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។ នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យ បានចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕ដោយ៖តារា