ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ Pruksa Real Estate មានភាពជឿជាក់ថា វិស័យអចលនទ្រព្យនឹងកើនឡើង ៨ភាគរយក្នុងមួយឆ្នាំ បើទោះបីជាការលក់ធ្លាក់ចុះ ៤,៥ភាគរយនៅក្នុងទីក្រុងបាងកក ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះក៏ដោយ។
ភាពជឿជាក់របស់ក្រុមហ៊ុននេះបានកើតចេញពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដែលនឹងចាប់ផ្តើមផ្តល់ផ្លែផ្កានៅពាក់កណ្តាលចុងក្រោយនៃឆ្នាំនេះ។
លោក Thongma Vijitpongpun នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានផ្តល់នូវការទស្សន៍ទាយប្រកបដោយសុទិដ្ឋនិយមចំពោះចក្ខុវិស័យពាណិជ្ជកម្មកាលពីថ្ងៃម្សិលមិញ។
ក្រុមហ៊ុននេះបានទស្សន៍ទាយថា ទីផ្សារអលចនទ្រព្យនៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញក្រុងនេះនឹងទទួលបានការលក់ចំនួន ៣៨៣,១៨ពាន់លានបាតក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុនដែលមានចំនួន ៣៥៤,៧៩ពាន់លានបាតកាលពីឆ្នាំមុន។
នៅពាក់កណ្តាលទី១ នៃឆ្នាំនេះ ទីផ្សារនេះបានបង្ហាញពីការងើបឡើងចំនួន ១៧១,២២ពាន់លានបាត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមាន ១៧៩,៣៤ពាន់លានបាត។
ស្របជាមួយនឹងចក្ខុវិស័យដ៏ល្អនេះ ក្រុមហ៊ុន Pruksa មានគម្រោងនឹងដាក់ចេញនូវគ្រោងគេហដ្ឋានចំនួន ៣៨គម្រោង ស្មើនឹង ៣៤,៤ពាន់លានបាតនៅក្នុងពាក់កណ្តាលទី២នេះ បន្ទាប់ពីដាក់ចេញនូវគម្រោងចំនួន ២៧ គម្រោង ដែលមានតម្លៃប្រមាណជា ១៩,៦៤ពាន់លានបាតកាលពីពាក់កណ្តាលដំបូងនៃឆ្នាំនេះ។
ក្រុមហ៊ុនគ្រោងនឹងទទួលបាននូវគម្រោងលក់ទុកជាមុនចំនួន ៥១ពាន់លានបាតក្នុងឆ្នាំនេះ បន្ទាប់ពីមានគម្រោងលក់បានចំនួន ២១,៦៣ពាន់លានបាតនៅរយៈពេល ៦ខែដំបូង។
ក្រុមហ៊ុនក៏បានព្យាករទៀតថា ចំណូលរបស់ក្រុមហ៊ុននឹងមានចំនួន ៥៣ពាន់លានបាត បន្ទាប់ពីទទួលបានការកក់ចំនួន ២៣,៩៧ពាន់លានបាតក្នុងរយៈពេលពាក់កណ្តាលដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៩,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសថៃផ្សេងទៀត គឺក្រុមហ៊ុនអចលនទ្រព្យ Sansiri បានប្រកាសថា ការលក់របស់ក្រុមហ៊ុនខ្លួនមានចំនួន ១៥,៩២ពាន់លានបាត ពោលគឺធ្លាក់ចុះ ៧,០៦ភាគរយ ហើយចំណូលសុទ្ធនៅពាក់កណ្តាលដំបូងនេះមានចំនួន ១,១៧ពាន់លានបាត ពោលគឺធ្លាក់ចុះ ១៨,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះមានភាពជឿជាក់ថា ចំណូលរបស់ខ្លួននឹងទទួលបាននូវគោលដៅ ដែលបានកំណត់ចំនួន ៣៦ពាន់លានបាតក្នុងឆ្នាំនេះដែរ បន្ទាប់ពីបានដាក់ចេញនូវគម្រោងគេហដ្ឋានចំនួន ១៣គម្រោង ស្មើនឹង ៣៧,៤៥ពាន់លានបាតមក។
លោក Srettha Thavisin ប្រធានក្រុមហ៊ុននេះបានមានប្រសាសន៍ថា ក្រុមហ៊ុនរំពឹងថា គម្រោងនេះនឹងជំរុញឱ្យមានការលក់ទុកជាមុនចំនួន ៤២ពាន់លានបាតនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីទទួលបានការលក់ទុកជាមុនចំនួន ១៤,៥ពាន់លានបាតនៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ៕
ដោយ៖ រ័ត្ន