លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសិក្ខាសាលា ស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពី លោកទេសរដ្ឋមន្រ្តី លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធាននិងសមាជិកនៃក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាលសម្រាប់កិច្ចសហការជាមួយនឹងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូ របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ សរុបប្រមាណ ១៥០ នាក់។ សិក្ខាសាលានេះ មានគោលបំណង ពិភាក្សានិងផ្លាស់ប្តូរយោបល់ ព្រមទាំងឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅនិងជាយុទ្ធសាស្រ្ត ក្នុងការរិះរកមធ្យោបាយដែលអាចឱ្យកម្ពុជាបង្កើនភាពប្រកួតប្រជែង ភាពធន់ និង បរិយាប័ន្ន នៅក្នុងបរិបទសកលដែលមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបាន។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចាប់ផ្តើមដោយសង្កត់ធ្ងន់ថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ ២ គឺ ទី១. កម្ពុជាត្រូវកំណត់បំណងប្រាថ្នា (Aspiration) សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណងនិងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខិតប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា ទី២. ការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណងនិងគោលដៅទាំងនេះ ដោយការ
ពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុង ការ
កសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។ ជាមួយគ្នានេះ លោកស្រី Tania Meyer បានលើកឡើងនូវចំណុច សំខាន់ៗ មួយចំនួនសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ក្នុងនោះ កម្ពុជាត្រូវមានបំណងប្រាថ្នាជាប្រទេសមានចំណូលខ្ពស់, ផលិតភាពខ្ពស់, បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងគុណភាពជីវិតខ្ពស់, កម្ពុជាត្រូវកសាងភាពធន់ ដោយប្រើប្រាស់ចំណេះដឹងសាកល ហើយ
កម្ពុជាត្រូវពិចារណាលើការប្រើប្រាស់ម៉ូដែលដែលផ្ដោតលើផលិតភាព សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់។
លោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ ក៏បានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និងតំបន់ ទាមទារឱ្យកម្ពុជាត្រូវគិតគូរ រៀបចំ និងអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយ ប្រកបដោយភាពជាក់ស្តែងនិយមនិងប្រុងប្រយ័ត្នខ្ពស់ សំដៅសម្រេចនូវកំណើនសេដ្ឋកិច្ចចំពោះមុខរយៈពេលមធ្យមនិងវែងទៅមុខ។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសរំលេចថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ប៉ុន្តែក៏បាន កត់សម្គាល់នូវបញ្ហាម៉ូឌែលកំណើនកម្ពុជា ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងពីបរិយាកាសខាងក្រៅ។ ការណ៍នេះទាមទារឱ្យកម្ពុជាគិតគូរកែសម្រួលម៉ូឌែលកំណើន និងការផ្លាស់ប្តូរផ្ទៃក្នុង ឱ្យមានលក្ខណៈយុទ្ធសាស្ត្រ ផ្អែកលើចំណេះដឹងសកល, ដឹកមុខដោយនវានុវត្តន៍ និងអាចឆ្លើយតបទៅនឹងការប្រែប្រួលនូវចលនាការសកល។
បន្ទាប់មក លោក Aaditya Mattoo បានលើកឡើងនូវខ្លឹមសារសំខាន់ៗដែលជារបបគំឃើញគន្លឹះៗនៃរបាយការណ៍របស់ធនាគារពិភពលោក ដោយផ្តោតលើផលិតភាព ការអភិវឌ្ឍសេវាកម្ម និងការប្រមើមើលការងារអនាគត ដែលក្នុងនោះរួមមាន៖ ១). ការបន្ដពង្រឹងការអភិវឌ្ឍនិងបង្កើនផលិតភាពក្នុងវិស័យសេវាកម្ម ដូចជាសេវាកម្មបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលជាដើម ដែលនឹងបង្កើនផលិតភាពខ្ពស់ដល់វិស័យឧស្សាហកម្មនិងកម្មន្ដសាល, ២). ការគិតគូរពីការងារអនាគត (Future Jobs) ដោយផ្តោតលើស្ថានភាពទីផ្សារពលកម្ម ដូចជា ប្រភេទការងារដែលត្រូវការ, ការបង្កើតនិងការប្រមើមើលលើការងារថ្មី និងការបំពាក់ជំនាញថ្មីសម្រាប់ប្រជាជន, ៣).

ការគិតគូរអំពីបញ្ហាបន្ទាន់ និងភាពប្រឡាក់ក្រឡាគ្នា រវាងបច្ចេកវិទ្យាបៃតងនិងការអភិវឌ្ឍភាពធន់ទៅនឹងអាកាសធាតុ, និង ៤). ការវិវត្តនៃរបៀបរបបធ្វើការ ដោយការកើនឡើងនូវម៉ាស៊ីនស្វ័យប្រវត្តិ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតជាដើម។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកជាសំណួរមួយចំនួន ដើម្បីទាញចំណាប់អារម្មណ៍ពីអង្គសិក្ខាសាលា រួមមាន៖ ១). តើវិស័យអាទិភាពអ្វីខ្លះដែលរដ្ឋាភិបាលត្រូវផ្តោតក្នុងរយៈពេលខ្លី ជាពិសេស ជាមួយនឹងធនធានមានកម្រិតក្នុងបរិបទកម្ពុជាបច្ចុប្បន្ន? ២). តើកម្ពុជាត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីផ្លាស់ប្តូរពីកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការចូលរួមនៃកម្លាំងពលកម្ម ទៅជាកំណើនសេដ្ឋកិច្ច ពឹងផ្អែកលើផលិតភាពការងារ? ៣). តើវិស័យ និងអនុវិស័យអ្វីខ្លះដែលកម្ពុជាគួរទាក់ទាញ ដើម្បីជំរុញខ្សែសង្វាក់តម្លៃពីការផលិតពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើចំណេះដឹង និងនវានុវត្តន៍ក្នុងរយៈពេលមធ្យមទៅរយៈពេលវែង? ៤). តើកម្ពុជាគួរកសាងភាពធន់បានដោយរបៀបណា សម្រាប់ឆ្លើយតបនឹងការប៉ះទង្គិចរយៈពេលខ្លី ព្រមទាំងធន់នឹងហានិភ័យរចនាសម្ព័ន្ធរយៈពេលវែង ដូចជា ឌីជីថលភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិមិត្ម និងការប្រែប្រួលអាកាសធាតុ? និង ៥). តើជម្រើសគោលនយោបាយអ្វីខ្លះដែលកម្ពុជាគួរគិតគូរនិងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវបរិយាប័ន្ន សម្រាប់គ្រប់ស្រទាប់វណ្ណៈប្រជាជនកម្ពុជា?
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានដឹកនាំកិច្ចពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ និងទស្សនៈ យ៉ាងផុសផុលលើប្រធានបទ ៣ សម្រាប់កម្ពុជា គឺ ទី១. ផលិតភាព ដោយកម្ពុជាត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កើន
ផលិតភាព ទី២. ការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយកម្ពុជាត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កើនគុណភាពអប់រំ និងជំនាញ និង ទី៣. ការចាប់ផ្តើមប្រើបច្ចេកវិទ្យា ដោយសារការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតទាបទាំងក្នុងវិស័យសាធារណៈនិងឯកជន ហើយកម្ពុជាគួរលើកទឹកចិត្ដ និងមានវិធានការខ្លះសម្រាប់គាំទ្រ។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសាលានេះគឺមានសារៈសំខាន់ សម្រាប់ការពិភាក្សានិងផ្លាស់ប្តូរយោបល់ ក៏ដូចជា ជាធាតុចូលសម្រាប់ការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ការរៀបចំរបាយការណ៍នេះ គួរផ្តោតលើការវិភាគអំពីភាពខ្លាំង និងភាពខ្សោយ, គោលនយោបាយអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលទាមទារនូវការកំណត់ឱ្យបានច្បាស់លាស់នូវផែនការសកម្មភាពដែលត្រូវអនុវត្ត យន្តការស្ថាប័ន និងលទ្ធផលរំពឹងទុក។ល។ ជាចុងក្រោយ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងអំណរគុណដល់ធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកទេសរដ្ឋមន្រ្តី លោក រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធាននិងសមាជិកនៃក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយនឹងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់ធាតុចូល ព្រមទាំងបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិភាក្សា និងផ្តល់យោបល់ ដើម្បីជាធាតុចូលសម្រាប់ការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print