ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃអង្គារទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបសម្រាប់ឆ្នាំ២០២៥ ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងនិងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។
ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA), លោក លោកស្រី, តំណាងក្រសួង ស្ថាប័ន, មន្ទីរទេសចរណ៍ខេត្តសៀមរាប,សមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប, សហគមន៍ក្លឹបទេសចរណ៍សៀមរាប, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍, លោកគ្រូ អ្នកគ្រូឧទ្ទេស, លោក លោកស្រី មគ្គុទេ្ទសក៍ទេសចរណ៍តំបន់សៀមរាប និងជាសិក្ខាកាម, លោក លោកស្រី ភ្ញៀវកិត្តិយស ប្រតិបត្តិករទេសចរណ៍មកពីសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, អាជីវកម្មម៉ាស្សា និងស្ប៉ា សរុបចំនួន ១៣២នាក់ នៅសណ្ឋាគារ Regency Angkor។
ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ មគ្គុទ្ទេសក៍ទេសចរណ៍ និងជាសិក្ខាកាម ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ដែលបានបំពេញការងារក្នុងវិស័យទេសចរណ៍ និងបានដើរតួនាទីជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្ម ព្រមទាំងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជា សំដៅលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើសុំមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ជាប់ជាប្រចាំ។ បន្ថែមលើនេះ សូមមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ ត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការចូលរួមផ្សព្វផ្សាយឱ្យបានស្រុះគ្នា និងទូលំទូលាយនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង តាមរយៈការផលិតមាតិកា និង ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ៕
ដោយ៖តារា