ភ្នំពេញ៖ បុរសម្នាក់បានជិះឡំប្រឺតាចេញពីមន្ទីរពេទ្យក្នុងគោលបំណងទៅផ្ទះ ហើយដាច់ខ្យល់ស្លាប់នៅតាមផ្លូវត្រូវ អ្នកបើកបរដឹកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥ នៅមុខសាលាសង្កាត់ភ្នំពេញថ្មីដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៧៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរូបនោះឈ្មោះ ឆុន រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ អាស័យដ្ឋាន សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នេះបើតាមលិខិតសុំចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
តាមព័ត៌មានបានឲ្យដឹងថា ឆ្នាំមុនពេលកើតហេតុគេឃើញឡំប្រឺតាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ១ KZ.៦៥៤៣ បានបើកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី
ដើម្បីឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជួយដឹងឮនិងអន្តរាគមន៍បន្ទាប់ពីបុរសរូបនោះដែលមុនដំបូងគេស្មានថាជាស្ត្រីបានស្លាប់នៅលើកង់បី។
តាមអ្នករត់ឡំប្រឺតាបានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឈប់ម៉ូតូនៅខាងមុខមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ និងដើរចូលទៅក្នុងមន្ទីរពេទ្យដើម្បីរកម៉ូយខណៈនោះស្រាប់តែជនរងគ្រោះកំពុងអង្គុយនៅលើកៅអីរទេះរុញហៅអោយដឹកទៅម្ដុំផ្សារក្រមួន ខណ្ឌ សែនសុខដោយឱ្យចំនួន ៣ ម៉ឺនរៀល ហើយសន្តិសុខ បានជួយរុញរទេះ និងបានជួយគ្រាជនរងគ្រោះឡើងជិះឡំប្រឺតា ។
តាមអ្នកបើកបរឡំប្រឺតាបានឲ្យដឹងទៀតថា នៅពេលធ្វើដំណើរ មកក្បែរសាលាសង្កាត់ភ្នំពេញថ្មី ក៏បានស្រែកសួរជនរងគ្រោះថា ទៅតាមផ្លូវណាមិនឃើញឆ្លើយក៏បានបើកមកអែបខាងទើបដឹងថាស្លាប់បាត់ទៅហើយ ហើយក៏បានបើកចូលទៅសាលាសង្កាត់ភ្នំពេញថ្មីដើម្បីឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជួយដឹងឮ។ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែជនរងគ្រោះស្លៀកសារុងនិងរូបរាងកាយស្គមរីងរៃក៏មានការយល់ច្រឡំថាអ្នកដែលស្លាប់នោះជាស្ត្រី។
បន្ទាប់ពីមានការភ្ញាក់ផ្អើលអ្នកបើកឡំប្រឺតាត្រូវបានសមត្ថកិច្ចហៅទៅសាកសួរ។នៅរសៀលនោះនគរបាលជំនាញក៍បានចុះទៅត្រួតពិនិត្យ។សាកសពគ្មានពាក់អាវ ស្លៀកចងពង់សារុង ផ្ទៃមុខមានដំប៉ៅឡើងក្រម៉ កដៃខាងឆ្វេងមានដំប៉ៅរុំបង់ពណ៌ស, ក្បាលជង្គង់ កំភួនជើង និងខ្នងប្រអប់ជើងទាំងសងខាងហើមមានដំប៉ៅរលួយ និងរុំបង់ពណ៌ស។នៅនៅជាប់នឹងខ្លួនសាកសពមានថង់ខ្មៅមួយមានភេសជ្ជៈរួមនិងទូរស័ព្ទមួយគ្រឿង។បន្ទាប់ពីធ្វើការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយជម្ងឺដំប៉ៅក្លាយរោគ (មេរោគក្នុងឈាម)៕