រដ្ឋមន្ត្រីការបរទេសអុីរ៉ង់បាននិយាយថា មិនមានកិច្ចព្រមព្រៀងបទឈប់បាញ់ទេ ប៉ុន្តែបានកំណត់ដំណាក់កាលដ៏សំខាន់ដែលអាចនាំឱ្យមានការបញ្ឈប់ការប្រយុទ្ធ។
រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Abbas Araghchi បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ថា “រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយស្តីពីបទឈប់បាញ់ ឬបញ្ឈប់ប្រតិបត្តិការយោធាទេ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Araghchi បាននិយាយថា ប្រសិនបើអុីស្រាអែលបញ្ចប់សកម្មភាពយោធារបស់ខ្លួនប្រឆាំងនឹងអុីរ៉ង់នៅម៉ោង 4:00 ព្រឹក ម៉ោងនៅទីក្រុងតេហេរ៉ង់ “យើងមិនមានចេតនាបន្តឆ្លើយតបបន្ទាប់ពីនោះទេ” ។
អ្នកការទូតកំពូលរបស់អ៊ីរ៉ង់បានបន្ថែមថា “ការសម្រេចចិត្តចុងក្រោយស្តីពីការបញ្ឈប់ប្រតិបត្តិការយោធារបស់យើងនឹងត្រូវបានធ្វើឡើងនៅពេលក្រោយ” ។
យោងតាមកាសែត Times of Israel សេចក្តីថ្លែងការណ៍នេះត្រូវបានបង្ហោះដោយលោក Araghchi នៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ភ្លាមៗបន្ទាប់ពីថ្ងៃផុតកំណត់ដែលគាត់បានផ្តល់ឱ្យ។ នៅមុនម៉ោង ៤ ទៀបភ្លឺ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ុីរ៉ង់ អុីស្រាអែលបានបើកការវាយប្រហារជាច្រើនលើតំបន់ផ្សេងៗគ្នាក្នុងរដ្ឋធានី Tehran ។
មុននេះ ប្រភពជាន់ខ្ពស់ជាច្រើនពីទីភ្នាក់ងារសារព័ត៌មាន Mehr និង Fars របស់អុីរ៉ង់ក៏បានផ្សាយថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ជាមួយអុីស្រាអែល ដូចដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពីមុននោះទេ។
ទន្ទឹមនឹងនោះ អគ្គមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអុីរ៉ង់ (IRGC) លោក Mohammad Pakpour ក៏បានបញ្ជាក់ដែរថា អុីរ៉ង់នឹងឆ្លើយតបកាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន វាយប្រហារអុីរ៉ង់ម្តងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជាន់ខ្ពស់មួយផ្សេងទៀតបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា នាយករដ្ឋមន្ត្រីកាតារ Sheikh Mohammed bin Abdulrahman Al Thani បានធានាក្រុងតេអេរ៉ង់អំពីកិច្ចព្រមព្រៀងរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីអុីរ៉ង់។
មន្ត្រីសេតវិមានម្នាក់ក៏បាននិយាយផងដែរថា អនុប្រធានាធិបតីអាមេរិក JD Vance រដ្ឋលេខាធិការ Marco Rubio និងបេសកជនពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff បានធ្វើការអំពាវនាវដោយផ្ទាល់ និងដោយប្រយោលទៅកាន់ប្រទេសអុីរ៉ង់ ដើម្បីស្វែងរកបទឈប់បាញ់៕ ដោយធីរីណា
រូបថត: APA