ស្វែងយល់ពីក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ!

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធានមួយរូប មានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធាន មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយកជាជំនួយការ ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្ម មានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នេះបើយោងតាម៨៨ នៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៥។

បើតាមអនុក្រឹត្យ ក្រុមប្រឹក្សានីតិកម្ម មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចជាអាទិ៍ សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ សហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃក្នុងការកសាងបញ្ជីផែនការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

តាមការប្រគល់សិទ្ធិពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុមប្រឹក្សានីតិកម្ម មានភារកិច្ចសហការជាមួយបណ្តាក្រសួង ស្ថាប័ន និងអង្គការជាតិ អន្តរជាតិ សិក្សាស្រាវជ្រាវ និងលើកគម្រោងតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ បានតាក់តែងរួចហើយ មុននឹងដាក់ឆ្លងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សហការតាមដាន ត្រួតពិនិត្យ ដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកសំណើសុំកែសម្រួលឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ជាមួយគ្នានេះ ក្រុមប្រឹក្សានីតីកម្ម មានតួនាទី និងភារកិច្ច សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលមិនទាន់ស្របតាមទិសដៅ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកយោបល់ជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើការកែសម្រួល ឬធ្វើវិសោធនកម្មឱ្យស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ។ សិក្សាលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ។ តាមដានលើការអនុវត្ត និងទទួលផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ។រៀបចំបំពេញបែបបទក្នុងការបញ្ជូនសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទៅរាជរដ្ឋាភិបាល ក្រោយមានការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

អនុក្រឹត្យ ក៏បានកំណត់ឱ្យ ក្រុមប្រឹក្សានីតីកម្មសិក្សាស្រាវជ្រាវតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាតាមការចាត់តាំងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចូលរួមជាមួយក្រសួង ស្ថាប័ន និងក្រុមការងារនានា ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តតាមការចាត់តាំងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សហការរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីក្រោមឱវាទរបស់ក្រុមប្រឹក្សានីតិកម្មលើការងារជំនាញច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ គ្រប់គ្រងបណ្ណាល័យរបស់ក្រសួងមហាផ្ទៃ។ បែងចែកសៀវភៅរាជកិច្ច ជូនគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតទាំងផ្នែករដ្ឋបាលស៊ីវិល ផ្នែកនគរបាលជាតិ និងផ្នែកពន្ធនាគារ។

បន្ថែមលើនេះ គឺតួនាទី ភារកិច្ច ចងក្រង បោះពុម្ពឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ចែកចាយនិងផ្សព្វផ្សាយ។ស្នើសុំតែងតាំង ឬផ្លាស់ប្តូភារកិច្ច ដំឡើងឋានន្តរស័ក្តិ ថ្នាក់ លើកសរសើរ ឬដាក់វិន័យមន្រ្តីនគរបាល មន្រ្តីរាជការស៊ីវិលនៃក្រុមប្រឹក្សានីតិកម្ម តាមបែបបទ និងនីតិវិធីជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពិនិត្យ សម្រេច។ ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់ក្រុមប្រឹក្សានីតិកម្មតាមការកំណត់ជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រគល់ឱ្យ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សានីតិកម្មមានអង្គភាពចំណុះចំនួន ៥ រួមមាន១.នាយកដ្ឋានរដ្ឋបាលសរុប ២.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ ៣.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល ៤.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា និង៥.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។ បច្ចុប្បន្ន ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយ ឯកឧត្តម ហ៊ន យុវនា ដែលកាន់មុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្មចាប់ពីឆ្នាំ២០២២ អមដោយអនុប្រធាន៣០រូប និងសមាជិក៣៨រូប៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print