កីឡាករ Paul Pogba ត្រូវបានគេរាយការណ៍ថាជិតបានវិលត្រឡប់ទៅលេងបាល់ទាត់អាជីពវិញបន្ទាប់ពីការហាមឃាត់អស់រយៈពេល ១៨ ខែដោយសារការប្រើប្រាស់សារធាតុញៀន។
ដើមឡើយអតីតខ្សែបម្រើ Manchester United និង Juventus រូបនេះត្រូវបានពិន័យរយៈពេល 4 ឆ្នាំ បន្ទាប់ពីធ្វើតេស្តរកឃើញថាបានប្រើប្រាស់សារធាតុញៀន។ប៉ុន្តែអតីតកីឡាករឈ្នះជើងឯកWorld Cup ជាមួយបារាំងនេះបានប្តឹងឧទ្ធរណ៍ហើយបម្រាមសល់ត្រឹម១៨ខែវិញ។
គាត់មានសេរីភាពក្នុងការចាប់ផ្តើមអាជីពរបស់គាត់ឡើងវិញចាប់តាំងពីខែមីនា បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ដើម្បីចាកចេញពីក្លឹបអ៊ីតាលី។ នៅក្នុងសាលក្រមចុងក្រោយរបស់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (Cas) វាត្រូវបានបញ្ជាក់ថា Pogba បានលេបថ្នាំ DHEA ដោយអចេតនា ដែលជាសារធាតុដែលជួយបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូន និងស្ថិតនៅក្នុងបញ្ជីហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (Wada)។
កាលពីដើមសប្តាហ៍នេះ សារព័ត៌មានជាច្រើនរាយការណ៍ថា Pogba បានយល់ព្រមលើកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយក្រុម Monaco របស់ Ligue 1ដោយគាត់អាចនឹងលេងពានChampions League រដូវកាលក្រោយ។