អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុន បេក្ខភាពប្រធានាធិបតីលេចធ្លោជាងគេបំផុតមកពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦ខាងមុខទទួលបានការគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោមបេក្ខភាពប្រធានាធិបតី។
តាមលទ្ធផលស្ទាបស្ទង់មតិរបស់CNN និងORN បានប្រកាសកាលពីថ្ងៃទី១ខែកក្កដាថាចំនួនពលរថ្ឋគាំទ្រ លោកស្រីហ៊ីលឡារីគ្លីនតុនក្លាយជាប្រធានាធិបតីមានរហូតដល់ទៅ៥៧ភាគរយ ចំណែកអនុប្រធានានាធិបតីចូបៃឌិនទទួលបានការគាំទ្រ១៦ភាគរយ ហើយតំណាងរាស្ត្រ Bernie Sanders ទទួលបានការគាំទ្រតែ១៤ភាគរយ។
កន្លងមកលោកស្រីហីលឡារីគ្លីនតុនឈរលំដាប់ទី២ក្នុងគណបក្សប្រជាធបតេយ្យក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីនាឆ្នាំ២០០៨ តែពេលនេះលោកស្រីឈរលំដាប់ទីមួយ ហើយមានការគាំទ្រច្រើនជាងគេបង្អស់ទាំងបេក្ខភាពមកពីគណបក្សសាធារណរដ្ឋផងដែរ។
ចំណែកនៅក្នុងគណបក្សសាធារណរដ្ឋអតីតអភិបាលរដ្ឋFlorida លោកJeb Bush ដែលជាប្អូនប្រុសរបស់អតីតប្រធានាធិបតីបូស ទទួលបានត្រឹមតែ១៩ភាគរយគឺកើនឡើង១៣ភាគរយប្រៀបធៀបនិងខែមិថុនាកន្លងមក។ចំណែកមហាសេដ្ឋីអចលនទ្រព្យលោកDonald Trump ទទួលបានការគាំទ្រ ១២ភាគរយកើន៣ភាគរយបើប្រៀបធៀបពេលដែលលោកប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។ បេក្ខភាពទាំងពីររូបមានការលេចធ្លោជាងគេបំផុតនៅក្នុងគណបក្សសាធារណរដ្ឋ។
ក្នុងពេលជាមួយគ្នានោះតំណាងរាស្ត្រមកពីរដ្ឋFlorida លោកMarco Rubio កំពុងតែបាត់បង់ការគាំទ្រពីមហាជនដែលពីមុនមានការគាំទ្រដល់ទៅ១៤ភាគរយ ចំណែកពេលនេះមានតែ ៦ភាគរយប៉ុណ្ណោះ។
តាមលទ្ធផលស្ទង់មតិពលរដ្ឋអាមេរិកបង្ហាញឲ្យឃើញថា អតីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុនបាននាំមុខដាច់បេក្ខភាពនានាទាំងអស់។ នៅថ្ងៃនេះដែរលោកស្រីគ្លីនតុនបានប្រកាសពីទឹកប្រាក់សម្រាប់ឃោសនាបោះឆ្នោតក្នុងតំណាក់កាលទីមួយមានរហូតដល់ទៅ៤៥លានដុល្លារ គឺខ្ពស់ជាងប្រធានាធិបតីអូបាម៉ាដែលមានតែ៤១,៩លានដុល្លារ។ កន្លងមកលោកស្រីក៏បានដាក់គោលដៅឃោសនាស្វែងរកប្រាក់ឧបត្ថម្ភប្រមាណ១០០លានដុល្លារទើបគ្រប់គ្រាន់។ តាមគម្រោង បេក្ខភាពប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ត្រូវប្រគល់របាយការណ៍ថវិការឃោសនាបោះឆ្នោតឲ្យគណកម្មការរៀបចំការបោះឆ្នោតនៅថ្ងៃទី១៥ខែកក្កដា៕