ខេត្តព្រះវិហារ៖ កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធ រួម មានមន្ត្រីគយខេត្តព្រះវិហារ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មើសរត់ពន្ធតំបន់៥ សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ រួមទាំងកង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលទំនិញគេចពន្ធបានដោយជោគជ័យ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
ប្រតិបត្តិការនេះធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយកម្លាំងចម្រុះបានឃាត់រថយន្តប្រភេទសាំយ៉ុង១ គ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243។ តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញទំនិញគេចពន្ធដូចខាងក្រោម៖
ផ្លែដូងក្រអូបចំនួន ២៨៥០ផ្លែ ស្មើនឹងប្រមាណ១៥០០ គីឡូក្រាម,ទឹកដូងច្រកដបចំនួន ២៨០ដប ស្មើនឹងប្រមាណ ៤២០លីត្រនិងសាច់ដូងចំនួន ២៤គីឡូក្រាម។
ក្រោយការសាកសួរ និងស្រាវជ្រាវយ៉ាងលម្អិត ពីមន្ត្រីគយបានរកឃើញថា ដូងក្រអូបទាំងអស់នេះត្រូវបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុល្មើស និងបន្តនីតិវិធីស្របតាមច្បាប់គយជាធរមាន៕