រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ សង្ឃឹមថាស៊ីហ្គេម នឹងជួយផ្សះផ្សាភាពតានតឹងកម្ពុជា-ថៃ

ចែករំលែក៖

ទីក្រុងបាងកក ៖ សង្ឃឹមថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នឹងក្លាយជាវេទិកាដើម្បីជួយរួមចំណែកដោះស្រាយភាពតានតឹងរវាងកម្ពុជា-ថៃ ដែលកើតឡើងដោយសារជម្លោះព្រំដែន។  នេះជាការលើកឡើងពី លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ។
លោក Sorawong Thienthong រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ នៅថ្ងៃទី២៤ ខែមិថុនា បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំអត្តពលិក និងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលថៃនឹងយកក្រុងបាកក ឈុនបុរី និងសុងក្លា ធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនោះ លោក Sorawong លើកឡើងថា លោកសង្ឃឹមថា នឹងអាច ប្រើប្រាស់ស៊ីហ្គេម ដើម្បីជួយដោះស្រាយ ភាពតានតឹងកម្ពុជា-ថៃ។
លោកថា ៖ «ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នឹងក្លាយជាវេទិកាមួយដែលអាចជួយដោះ ស្រាយស្ថានការណ៍រវាងប្រទេសទាំងពីរ ដើម្បីឱ្យពួកគេ ត្រឡប់ទៅរកស្ថានភាពប្រសើរ ឡើងវិញ។»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីទេសចរណ៍ មុនបន្ថែមថា ទោះបី ជា ភាពតានតឹងផ្នែកនយោបាយនៅតែបន្តកើតមាន ប៉ុន្តែប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះដ៏ល្អ ស្របតាមមិត្តភាព និងចលនាកីឡា។

ចាប់តាំងពីទាហានថៃ លបបាញ់សម្លាប់ទាហាខ្មែរម្នាក់ស្លាប់ កាលពីចុងខែឧសភា ភាពតានតឹងជុំវិញបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ កាន់តែកើនកម្តៅខ្លាំងឡើង រហូតដល់បិទព្រំដែន និងការនាំចូលទំនិញមួយចំនួនផង។
អគ្គលេខាធិការគណបក្សភឿថៃ រូបនេះ បានបង្ហាញការគិតគូចំពោះអត្តពលិក ដោយបារម្ភថា ពួកគេបានប្រឹងប្រែងហ្វឹកហាត់ហើយ ប៉ុន្តែមិនអាចចូលរួមប្រជែងមេដាយ ដោយសារ តែបញ្ហារវាងកម្ពុជា-ថៃ។ ត្រង់ចំណុចនេះ លោក Sorawong សង្កត់ធ្ងន់ថា លោកចង់បំបែកកីឡា ចេញឱ្យដាច់ពីនយោបាយ។
បើតាមការផ្សាយរបស់គេហទំព័រផ្លូវការ SEAGAMES2025 ប្រទេសទាំង ១១ បាន បញ្ជូន អត្តពលិក ចូល រួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ សរុប ចំនួន ១២ ៥០៦ នាក់។ ម្ចាស់ផ្ទះ ថៃ បានដាក់កីឡាករ-ការិនីចូលរួមច្រើន ជាង គេស្របពេលកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី៤។
ខាងក្រោមនេះ ជាចំនួនអត្តពលិក ដែលប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ បញ្ជូនទៅដណ្តើម មេដាយនៅថៃ ឆ្នាំ ២០២៥៖
ថៃ ១ ៨០៧នាក់, ម៉ាឡេស៊ី ១ ៥៨០នាក់, ឥណ្ឌូណេស៊ី ១ ៥៤៨នាក់, កម្ពុជា ១ ៥១៥នាក់, ហ្វីលីពីន ១ ៤៩៩នាក់, សិង្ហបុរី ១ ៤៨១នាក់, មីយ៉ាន់ម៉ា ១ ០៧៧ នាក់, វៀតណាម ១ ០១៩ នាក់, ឡាវ ៥៩៨នាក់, ព្រុយណេ ២៥០នាក់ និងទីម័រខាងកើត ១៣២នាក់។ ដោយ ឡែក មន្ត្រីសរុបចំនួនប្រមាណ ៦ ២៥៣នាក់ មកពីគ្រប់ប្រទេស ក៏នឹងមានវត្តមាន ដែរ។
ម្ចាស់ផ្ទះថៃ រំពឹងថា វត្តមានអត្តពលិក និងមន្ត្រីទាំងអស់ នឹងចូលរួមប្រជែងមេដាយ ក្នុង ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ ២០២៥។ សម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ម្ចាស់ផ្ទះប៉ាន់ស្មានថា នឹងមានអត្តពលិក ៤ ០០០នាក់ចូលរួម។
ដោយឡែក ខាងភាគីកម្ពុជាវិញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាការជាតិ អូ ឡាំ ពិកកម្ពុជា (NOCC) អះអាងថា កម្ពុជានៅតែត្រៀមខ្លួន ក្នុងការបញ្ជូនអត្តពលិក ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បើទោះបច្ចុប្បន្ន កំពុងមានភាពតាន តឹង បញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ក៏ដោយ។
ឆ្លើយតបនឹងសំណួរអ្នកកាសែត ក្នុងកម្មវិធីវេទិកាអត្តពលិកជាតិ ដើម្បីអបអរទិវាអូឡាំពិក នាទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២២ ខែមិថុនា លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ភាគីម្ចាស់ផ្ទះថៃ នៅតែស្វាគមន៍ជានិច្ចចំពោះកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃ ដោយមិនប្រកាន់និន្នាការនយោបាយ ឬបញ្ហាកំពុង កើតមានអ្វីឡើយ ព្រោះការប្រកួតកីឡា ពុំត្រូវបានផ្សារភ្ជាប់នឹងបញ្ហានយោបាយ។ កម្ពុជានឹងនៅតែត្រៀមលក្ខណៈ សម្រាប់ការប្រកួត ស្របតាមស្មារតីកីឡា និងស្មារតីអូឡាំពិក។ នេះជាប្រសាសន៍លោក វ៉ាត់ ចំរើន បន្ថែមយ៉ាងដូច្នេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print