ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូពីខណ្ឌសែនសុខ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ខណៈម្ចាស់តាមទាន់កំពុងដោះលាបថ្នាំដើម្បីបំបាត់ភស្តុតាង។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់នេះទី១-ឈ្មោះ វ៉ាន់ ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់ភូមិអណ្តូងថ្មី សង្កាត់គោករការខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតភូមិសំឡី ឃុំសឡី ស្រុកកំពង់រ៉ូ ខេត្តស្វាយរៀង។ទី២-ឈ្មោះ គង់ សាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអូសត្រី ស្នាក់នៅភូមិអណ្តូង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតភូមិពត់ស ឃុំពត់ស ស្រុកទន្លេបាទី ខេត្តតាកែវ។ ទី៣-ឈ្មោះ សួន លី ភេទប្រុស អាយុ២៩ឆ្នាំមុខរបរអ្នកចាក់ធុងប៉ាស់ ស្នាក់នៅភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើត ភូមិអារីក្ស័ត្រ ឃុំអារីក្ស័ត្រ ស្រុកអារីក្ស័ត្រ ខេត្តកណ្តាល និងទី៤-ឈ្មោះ ហេង គឹមសេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ឌួង សិលា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅផ្ទះលេខ២៣៣ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីជនរងគ្រោះឲ្យដឹងថា កាលពីវេលាម៉ោង១២យប់រូបគាត់បានទុករ៉ឺម៉កម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ឡើងតែម២០១៤ ពាក់ស្លាកលេខភ្នំពេញ 1AJ-4124 នៅមុខផ្ទះដោយចាក់សោរត្រឹមត្រូវហើយក៏ចូលក្នុងផ្ទះសំរាក លុះដល់វេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៩ រូបគាត់ភ្ញាក់ពីដំណេកចេញមកខាងក្រៅស្រាប់តែមិនឃើញរ៉ឺម៉កម៉ូតូទើបដឹងថា មានគេលួច។ ពេលនោះគាត់ក៏ពុំបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មីទេ បាននាំគ្នាដើររកដល់ភូមិអណ្តូងថ្មី សង្កាត់គោករការ ក៏ប្រទះឃើញគេកំពុងតែដោះរ៉ឺម៉កម៉ូតូលាបថ្នាំដោយជនរងគ្រោះចំណាំបានក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍គោករការ ឲ្យជួយអន្តរាគមន៍ទើបឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង០៤នាក់នេះតែម្តង។
សមត្ថកិច្ចប៉ុស្តិ៍គោករការឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាមកម្លាំងបានចុះទៅដល់កន្លែងខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់រួមនឹងវត្ថុតាងគឺរ៉ឺម៉កម៉ូតូជនរងគ្រោះនិងទាក់ទងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឲ្យមកទទួលយកទៅចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋបាលនគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តុង សីហា
...