ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា៖ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការនាំចេញដំឡូងមីស្រស់របស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ជាង ៤១៧ លានដុល្លារ ធ្លាក់ចុះ ១៣,៧៩% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០២៥។
បើតាមការបញ្ជាក់ពីប្រធានសមាគមកសិករដំឡូងមីខ្មែរ លោក អិល ឈិញ បានឱ្យដឹងថា តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ដាំក្បាលចុះរហូតដែលមានតម្លៃ ១២០ រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតអាចលក់បាន ៥២០ រៀល ក្នុងមួយគីឡូក្រាម។
ប្រធានសមាគមរូបនេះ បានឱ្យដឹងទៀតថា មានកត្តាជាច្រើនបានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ កាលពីឆ្នាំ ២០២៤ កម្ដៅកើនឡើងខ្លាំងបានធ្វើឱ្យទិន្នផល និងគុណភាពដំឡូងធ្លាក់ចុះ។ ម្យ៉ាងទៀត កំណើននៃការដាំដុះនៅប្រទេសអាស៊ានចំនួន ៤ (ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា) បានធ្វើឱ្យបរិមាណ កើនឡើងលើសតម្រូវការ ខណៈទីផ្សារម្សៅមីលើសកលលោកធ្លាក់ចុះ បានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះផងដែរ។
ក្រសួងកសិកម្ម នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានឱ្យដឹងដែរថា កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ។
គួរបញ្ជាក់ថា កម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា។
ដោយឡែកយោងតាមធនាគារ ARDB ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយ កសិករលើ ផ្ទៃដី ដាំដុះ ប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន) ជាមួយផល សេដ្ឋកិច្ច ប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ ដំឡូងមីត្រូវបានដាំដុះនាដើមរដូវ ចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ៕ដោយ៖តារា