ព្រឹកព្រលឹមស្រាងៗ កុសល ប្រាប់ប្រពន្ធឱ្យទៅដាស់កូនៗ លុបលាងមុខ។ ថ្ងៃនេះកុសលមិនបានទទួលទានអាហារពេលព្រឹកទេ ព្រោះប្រញាប់ចេញដំណើរ។ ឡានមកដល់ខាងមុខផ្ទះ កល្យាណ និងសោភ័ណ្ឌដើរចូលទៅក្នុងឡានមុន។ តៃកុងឡាន និង កុសល បានយកអីវ៉ាន់ទៅដាក់ក្នុងឡាន។ ចំណែក សោភី កាន់កាបូប និងចាប់ដៃកូនប្រុសដើរមកតាមពីក្រោយ។ ពេលមនុស្សឡើងឡានគ្រប់គ្នាហើយ ឡានក៏ចាប់ផ្ដើមចេញដំណើរទៅ។ ប៉ុន្តែឡានចេញដំណើរមិនទាន់បានទៅដល់កំពង់ផែផង ស្រាប់តែមានកងទ័ពឃាត់ឡាន។ តៃកុងឡានមិនចង់មានរឿងជាមួយនឹងកងទ័ពក៏បានបត់ឡានត្រឡប់ទៅផ្លូវមួយជំហៀងទៀតដើម្បីរកកន្លែងឈប់សួរដំណឹង។ តៃកុងឡានបានកាន់បារីមួយកញ្ចប់ដើរតម្រង់ទៅរកកងទ័ពដែលឈរដាក់រនាំងលើផ្លូវ។ តៃកុងឡានបានឲ្យបារីកងទ័ព រួចសួរដឹងរឿងគ្រប់យ៉ាង។គាត់មកប្រាប់កុសលវិញ។ ពេលកុសល ដឹងរឿងហេតុហើយ ក៏បានហៅប្រពន្ធចេញពីឡាន។ គាត់និយាយគ្នាមួយសន្ទុះក៏បែកគ្នា។ សោភី ប្រែមុខស្រពោនរួចចូលទៅក្នុងឡានវិញ។ ប៉ុន្តែកុសលមិនបានចូលទៅជាមួយទេ។ ពេលចូលក្នុងឡានវិញ សោភីបានប្រាប់ទៅកូនៗថា នៅពេលកូនឃើញប៉ា កូនមិនត្រូវហៅប៉ាជាដាច់ខាត គឺយើងត្រូវធ្វើមិនស្គាល់គ្នា។ សោភ័ណ្ឌ ឆ្ងល់ខ្លាំងណាស់ ហើយសួរទៅម្ដាយថាហេតុអ្វីចាំបាច់ធ្វើបែបនេះ ប៉ុន្តែសោភី មិនប្រាប់មូលហេតុដល់កូនទេ ថែមទាំងនិយាយសំឡុតដល់កូនៗទៀត។ ឡានបើកត្រឡប់ទៅផ្ទះវិញ ហើយតៃកុងឡានបានដាក់សមាជិកគ្រប់គ្នាចុះ ក៏បើកឡានចេញបាត់ទៅ។ មកដល់ផ្ទះ សោភីហាក់ដូចជាមានអារម្មណ៍មិននឹងនសោះ ហើយប្ដូរទៅជាមនុស្សឆេវឆាវមិនថ្នាក់ថ្នមកូនដូចពេលមុន។ កល្យាណ រៀបចំអាហារឲ្យក្មួយៗរួច។ កល្យាណបានដើរតម្រង់ទៅរកបងថ្លៃដែលកំពុងតែអង្គុយអស់សង្ឃឹម។ កល្យាណបានសួរនាំ សោភី ពីរឿងហេតុដែលកុសលមិនអាចត្រឡប់មកផ្ទះវិញថា÷
កល្យាណ÷បងភី តើបងប្រុសមានរឿងអ្វីបានជាគាត់មិនព្រមត្រឡប់មកជាមួយយើងដូច្នេះ? ហើយគាត់បាននិយាយអ្វីខ្លះជាមួយបង? កល្យាណនិយាយតិចៗព្រោះមិនចង់ឲ្យក្មួយៗឮ។
សោភី÷ ឯងដឹងទេ កងទ័ពទាំងនោះកំពុងតែតាមចាប់និស្សិតសាស្ត្រាចារ្យ មន្ត្រីរាជការ បញ្ញាវន្តនិងអ្នកចេះដឹងទាំងឡាយ ហើយកងទ័ពចង់ជម្លៀសប្រជាជនចេញពីក្រុង។ បង កុសល ជាមន្ត្រីរាជការខ្លាចក្រែងតែកងទ័ពស្គាល់មុខ ទើបគាត់មិនចង់នាំទុក្ខដល់យើង ហើយព្យាយាមនៅឆ្ងាយៗ។ គាត់ផ្ដាំយើងគ្រប់គ្នាត្រូវប្រយ័ត្នសម្ដីផង។ សោភី និយាយទាំងស្លន់ស្លោហើយកាន់ដៃប្អូនស្រីជាប់ កល្យាណ÷ តើយើងត្រូវធ្វើដូចម្ដេចទៀតបង?
សោភី÷ ល្ងាចនេះមានរទេះមួយនិងចេញពីក្រុងគឺរទេះអ៊ំ ជង់។ គាត់ស្គាល់ជិតស្និទ្ធនឹងបងឯងណាស់។ គាត់នឹងនាំយើងទៅស្រុករបស់គាត់។ សោភី និយាយមិនទាន់ចប់សំដីក៏មានសំឡេងគោះទ្វារឮឡើង។
សោភ័ណ បានលបស្ដាប់ម្ដាយ និងមីងនិយាយគ្នាភ័យពេកទើបគ្រវាដដៃចំប្អូនធ្វើឱ្យដួលបុកក្បាលនឹងទ្វារ។ សោភ័ណ និងប្អូនយំរៀងខ្លួន។ កល្យាណ បានបើកទ្វារឃើញប្អូនទាំងពីរយំអោបគ្នា គាត់បានឲ្យក្មួយទាំងពីរដើរទៅរកម្ដាយដែលកំពុងអង្គុយនៅលើគ្រែ។ កូនៗបានយំអោបម្ដាយគួរឱ្យសង្វេគ។
នៅក្នុងផ្ទះនេះ ថ្ងៃមុនពោរពេញទៅដោយស្នាមញញឹម និងដំណើចសប្បាយ។ ប៉ុន្តែថ្ងៃនេះប្រែក្លាយទៅជាទុក្ខសោក និងការព្រាត់ប្រាស់។ សមាជិកគ្រួសារទាំងអស់អង្គុយយ៉ាងស្ងៀមស្ងាត់ផ្ទៀងត្រចៀកចាំស្ដាប់សំឡេងនានា។ ក្នុងផ្ទះស្ងាត់ជ្រងំ មានតែភ្លើងទៀនបំភ្លឺព្រឹមៗ ស្ទើរតែរលត់ដោយសារខ្យល់បក់តាមបង្អួច។ កល្យាណ បានដើរទៅបិទបង្អួចដើម្បីកុំឲ្យទៀនរលត់ ខណៈដែលបងស្រីអោបកូនទាំងពីរក្នុងរង្វង់ដៃនៅលើគ្រែដូចគ្មានព្រលឹងនៅក្នុងខ្លួន។ ពេល កល្យាណ កំពុងតែទាញបង្អួចបិទ ក៏ឃើញស្រមោលមនុស្សស្ទុងៗលបចេញពីចំហៀងផ្ទះ។ តាមពន្លឺខែដែលរះត្រចះត្រចង់ និងបញ្ចេញច្បាស់ ទើប កល្យាណ ដឹងថា ជាបងប្រុសរបស់គាត់។ កល្យាណ បានស្ទុះទៅទាញបង្អួចបិទឮសូភីង រហូតធ្វើឲ្យសោភ័ណ និងក្មួយភ្ញាក់ស្មារតី។ កល្យាណ ដើរទៅបើកទ្វារបណ្ដើរនិយាយពីបងប្រុសដែលគាត់បានឃើញតាមបង្អួចបណ្ដើរ។ ក្មួយៗ និង សោភី ក៏កម្រើកខ្លួនដើរទៅតាមកល្យាណ។ ចេញទៅដល់កន្លែងទទួលភ្ញៀវសោភី កល្យាណ និងកូនៗបានឃើញកុសលដល់ពិតមែន ហើយបានយំឱបគ្នាទាំងទឹកមុខក្រៀមក្រំ។ សកម្មភាពជួបជុំ និងការសន្ទនាមិនយូរប៉ុន្មាន ក៏ត្រូវបំបែកដោយសារ កល្យាណ បានស្រែកប្រាប់ ពេលឃើញស្រមោលរទេះគោចូលមកដល់។ កុសល ងាកមើលឆ្វេងស្ដាំហើយក៏ងាកមកមើលមុខប្រពន្ធ និងកូនរួចនិយាយផ្ដាំកូនៗថា ត្រូវតែធ្វើមិនស្គាល់គ្នា។ សោភី យំតិចៗ ចំណែកឯកូនទាំងពីរទឹកភ្នែកហូររហាមឱបប៉ា។ កល្យាណ បានចូលទៅយកបង្វេចហើយអ្នកទាំងអស់ក៏ចេញដើរសំដៅទៅរទេះដែលកំពុងតែឈប់ចាំនៅក្រោមដើមគគីរ។ អ៊ំជង់ និងប្រពន្ធរបស់គាត់ឈ្មោះមីងភូ ជាម្ចាស់រទេះនៅរង់ចាំយ៉ាងរីករាយ ត្បិតអី អ៊ំជង់ និងកុសលស្គាល់រាប់អានគ្នាយូរមកហើយតាំងតែពី កុសល ធ្វើជាអ្នកបើកឡានជូនសម្ដេចតាយាងមកទតការសម្ដែងសិល្បៈនៅអង្គរវត្តម្ល៉េះ។ (នៅមានត)
