ភ្នំពេញ ៖ សម្ដេចតេជោ ទម្លាយថា យីងឡាក់ រត់គេចពីការចាប់ខ្លួននៅថៃ តាមរយៈប្រទេសកម្ពុជា ទៅសិង្ហបុរី ដោយប្រើលិខិតឆ្លងដែនកម្ពុជា ក្រោមទឹកចិត្តសណ្ដោសរបស់សម្ដេច ទើបអាចគេចខ្លួនដោយសុវត្ថិភាព។ ក្រោយដល់ទីតាំងសុវត្ថិភាព យីងឡាក់ ទូរសព្ទមកសម្ដេច ថ្លែងអរគុណសម្ដេចទាំងទឹកភ្នែក។ ជាមួយគ្នា សម្ដេចសុំទោសចំពោះពាក្យកុហកលើនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលសួរនាំរឿងយីងឡាក់រត់គេចខ្លួនតាមច្រកណា។
ក្នុងនោះសម្ដេច ហ៊ុន សែន បានទម្លាយរឿងជាច្រើនពាក់ព័ន្ធនឹងត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ។ នាពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា សម្ដេច ហ៊ុន សែន បានរៀបរាប់ថា ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានប្រែខ្លួនពីអ្នកជំនួញមកជាអ្នកនយោបាយថៃនោះ ក៏ដោយសារមានការរួមចំណែកពីសម្ដេច ក្នុងការផ្ដល់គំនិតយោបល់ និងណែនាំផ្លូវមួយចំនួនផង។
លោក ថាក់ស៊ីន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ពីឆ្នាំ២០០១ ដល់២០០៦ (ក្រោយរងការធ្វើរដ្ឋប្រហារ) ។ ស្រាប់តែបានឱកាសក្លាយជានាយករដ្ឋមន្រ្តីថៃហើយ លោក ថាក់ស៊ីន បានយកល្បែងបិទព្រំដែនជាមួយកម្ពុជា នៅអំឡុងឆ្នាំ២០០៣។ គ្រានោះ កម្ពុជា ក៏បានបិទព្រំដែនវិញ ដើម្បីតបតទៅទង្វើរបស់លោក ថាក់ស៊ីន ។ សកម្មភាពតបតរបស់កម្ពុជាពេលនោះ បានធ្វើឱ្យលោក ថាក់ស៊ីន សម្រេចបើកព្រំដែនថៃវិញភ្លាមៗ ក្រោយពលរដ្ឋថៃតវ៉ា និងចលាចលក្នុងប្រទេស។ នេះបើតាមសម្ដេច ហ៊ុន សែន។
ចូលមកដល់សម័យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា កូនស្រីរបស់ ថាក់ស៊ីន ដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្ននេះវិញ ក៏យកល្បែងបិទព្រំដែន មកលេងជាមួយកម្ពុជាម្ដងទៀតដែរ។ ដោយសារទង្វើដដែលៗបែបនេះហើយ ទើបសម្ដេច ហ៊ុន សែន កត់សម្គាល់ឃើញថា ត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងលេងល្បិច និងក្បត់ ចំពោះសម្ដេច។ «ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំ តែខ្ញុំមិនក្បត់គេទេ»។ នេះបើតាមប្រធានព្រឹទ្ធសភា។
ម្ដងនេះ សម្ដេច ហ៊ុន សែន លែងទុកមុខឱ្យត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទៀតហើយ។ បើតាមសម្ដេច ហ៊ុន សែន ចំណងមិត្តភាព៣០ឆ្នាំរវាងគ្រួសារត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងសម្ដេច ហ៊ុន សែន ត្រូវបែកបាក់គ្នាត្រឹមមួយប៉ប្រិចភ្នែក។ នោះក៏ដោយសារតែការដឹកនាំខ្វះគុណធម៌របស់លោកស្រី ផែថងថាន នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដែលត្រូវជាកូនស្រីរបស់លោក ថាក់ស៊ីន៕
ដោយ ៖ សិលា