ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានចុះ ឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀង ផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះ ឆ្នោតដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅតាមឃុំ- សង្កាត់ ឬតាមអាសយដ្ឋានវេប ឬតាមកម្មវិធីទូរសព្ទឆ្លាតរាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានប្រាប់ប្រជាពលរដ្ឋដែរថា ប្រសិនបើរកឃើញថា មានកំហុស ឆ្គង សូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ-សង្កាត់ នៃឃុំសង្កាត់ដែលប្រជាពលរដ្ឋរស់នៅ និងបានចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, លោក យិច សមិទ្ធិ សមាជិកគ.ជ.ប ឱ្យដឹងថា ផ្អែកតាមលទ្ធផលបណ្តោះអាសន្ន ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួនជាង ១០លាននាក់ ស្មើ៩០,៥០ % ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះ ស្រ្តីមានចំនួនជាង ៥លាននាក់។
តាមរបាយការណ៍បានឱ្យដឹងថា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួនជាង ២២ម៉ឺននាក់ អ្នកដែលបានមកកែតម្រូវទិន្នន័យជីវប្រវត្តិសរុបចំនួនជា ១លាននាក់ និងអ្នកដែលបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសរុបចំនួនជាង ២លាននាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.២៣៥ការិយាល័យក្របខណ្ឌទូទាំងប្រទេស៕