ភ្នំពេញ : នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ័លើកទី៧៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។
ពិធីនេះ បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងអនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។
គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាពដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជាឱ្យទទួលបាននូវ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេស បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន រួមទាំងបានផ្សះផ្សានិងព្យាបាលនូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល៕
ដោយ : សិលា