ខេត្តកណ្តាល : រកឃើញសពតាយាយពីរនាក់ប្តីប្រពន្ធដែលជាម្ចាស់ទូកដរ ដែលបានលិចចូលក្នុងទន្លេកាលពីម្សិលមិញ ខណៈតាយាយពីរនាក់បានសម្រាន្តលក់លើដំបូលទូកដោយមិនដឹងខ្លួន។ នគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ហេតុការណ៍លិចទូកដរនេះ បានកើតឡើងកាលពីយប់ម៉ោង៣ថ្ងៃទី២៧ ខែមិថុនា ២០២៥ នៅចំណុចកំពង់ចម្លងកោះមាស ស្ថិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមបញ្ជាក់ថា, លោកយាយ លោកតា ជាប្តីប្រពន្ធ និង ជាម្ចាស់ទូកដរ នៅព្រឹកថ្ងៃទី ២៨ មិថុនា ត្រូវបានអាជ្ញាធរស្រុកកៀនស្វាយ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរកឃើញហើយដោយបានបាត់បង់ជីវិតទាំងពីរនាក់ ក្នុងហេតុការណ៍លិចទូកដរ ស្ថិតនៅចំនុចកោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ គឺ លោកយាយ ព្រុំ រ៉ុង អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ដរ និង លោកតា ភោគ ផុន ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ដរ ស្នាក់នៅលើកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកកៀនស្វាយ តាមទម្លាប់លោកយាយលោកតាទាំង២នាក់ ប្តីប្រពន្ធតែងតែនាំគ្នាសម្រាកនៅលើទូកដរជារៀងរាល់ថ្ងៃ តាំងពីដរចាស់(ទូកដរធ្វើអំពីឈើ) រហូតមកដល់ដរថ្មី(ទូកដរធ្វើពីដែក) គឺចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន។
ក្នុងថ្ងៃកើតហេតុ ឈ្មោះឡន ចាន់ដេរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅលើកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ឈ្មោះហង្ស លីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកដរ ស្នាក់នៅលើកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងឈ្មោះ អ៊ុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅលើកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននាំគ្នាផឹកស្រាប៊ៀនៅលើទូកដរអស់១២កំប៉ុង ដោយឈ្មោះហង្ស លីណា ភេទប្រុស ផឹកបណ្តើរចុះទៅបូមទឹកចេញពីក្នុងទូកបណ្តើរ រហូតដល់ម៉ោង១១:៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបឈប់ផឹក ហើយ ឈ្មោះហង្ស លីណា ភេទប្រុស បានទៅពន្លត់ម៉ាស៊ីនបូមទឹកចេញពីទូក ហើយនាំគ្នាឡើងមកផ្ទះនៅលើកោះមាសសំរាករៀងៗខ្លួន។ចំណែក លោកយាយលោកតា ជាជនរងគ្រោះ សម្រាកនៅលើទូកដរ(កន្លែងបើកទូកដរ) ។
លុះដល់ម៉ោង០៣:០០នាទី ថ្ងៃទី២៧/៦/២០២៥ ឈ្មោះ កុយ រដ្ឋា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅលើកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាកូនប្រសារជនរងគ្រោះ បានមកមើលដរ ដើម្បីបើកចម្លងអ្នកដឹកបន្លែផ្លែឈើទៅត្រើយម្ខាងទៀត តែពេលមកដល់ឃើញដរបានលិចផ្នែកខាងក្រោយ បាត់ខ្លួនលោកយាយលោកតា និង បានហឹបចុះទៅក្នុងទឹក ដើម្បីរាវរក និង បានទូរស័ព្ទហៅបងប្អូនឲ្យមកជួយនឹងរក។
ប្រតិបត្តិការរយៈពេលពេល១ថ្ងៃទី ២៧ មិថុនា មិនបានរកឃើញនោះទេ លុះដល់ព្រឹកថ្ងៃទី ២៨ មិថុនានេះ កូនចៅ លោកយាយ លោកតា នាំគ្នាជិះទូករកមើលតាមបណ្តោយច្រាំងទន្លេ ក៏ប្រទះឃើញសពលោកយាយ ព្រុំ រ៉ុង ភេទស្រី អណ្តែតនៅក្បែរគុម្ពត្រែងចុងកោះមាស ឋិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ចម្ងាយពីកន្លែងកើតហេតុ៣០០០ម៉ែត្រ និង បន្តការរាវរកសពលោកតា ភោគ ផុន ក៏ឃើញសាកសពនៅក្បែរច្រាំងកោះមាស ចម្ងាយពីកន្លែងកើតហេតុ៥០០ម៉ែត្រ។
បច្ចុប្បន្នសាកសពលោកយាយ លោកតា ទាំង០២នាក់ បានយកមកតម្កល់នៅវត្តកោះប្រាក់ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ : សិលា