ខេត្តកណ្តាល៖ ផ្លូវជាតិលេខ១ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជួយដល់ប្រជាជនកម្ពុជា ពេលនេះចិញ្ចើមផ្លូវជាតិជាច្រើនកន្លែងបានបាក់ស្រុតមួយផ្នែកបណ្តាលមកពីរថយន្តដឹកធ្ងន់ និងមួយផ្នែកទៀតបណ្តាលមកពីកត្តាធម្មជាតិភ្លៀងហូរច្រោះបង្កឲ្យបាក់ស្រុតចិញ្ចើមផ្លូវជាតិតែម្តង ។
នៅចន្លោះគីឡូម៉ែត្រលេខ ២២-២៥ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ មានការបាក់ស្រុតចិញ្ចើមផ្លូវជាតិចំនួន៣កន្លែង ដែលរណ្តៅនីមួយៗមានទំហ៊ំប៉ុនចង្អេរ ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋបានយកបាវស៊ីម៉ង់ត៍ដោតឈើដាក់នៅក្នុងរណ្តៅដើម្បីធ្វើជាសញ្ញាបង្ការកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ។
លោក ស៊ុត តូ មេឃុំដីឥដ្ឋបានឲ្យដឹងថា បញ្ហាបាក់ស្រុតចិញ្ចើមផ្លូវជាតិលេខ១ នេះមិនមែនជាភារៈកិច្ចអាជ្ញាធរឃុំនោះទេ គឺខាងមន្ទីរសាធារណៈការខេត្ត ជាអ្នកមើលការខុសត្រូវព្រោះការងារនេះជាជំនាញរបស់សាធារណៈការ ។
កន្លងមកអាជ្ញាធរឃុំបានពិនិត្យឃើញថា ក្រុមការងាររបស់មន្ទីរសាធារណៈខេត្តបានដឹកដី ដឹកគ្រួសយកមកចាក់លប់ជួសជុលកន្លែងបាក់ស្រុតចិញ្ចើមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រឃុំផង ។ ដោយឡែកកន្លែងបាក់ស្រុតថ្មីនេះមិនទាន់ឃើញខាងជំនាញចុះមកទេ បើទុកចោលតទៅទៀតកន្លែងដែលបាក់ស្រុតនឹងទទួលរងនូវការខូចខាតកាន់តែធ្ងន់ធ្ងរព្រោះរដូវនេះជារដូវភ្លៀង ។
ពាក់ព័ន្ទនិងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋរឿងចិញ្ចើមផ្លូវជាតិលេខ១ រងនូវការបាក់ស្រុតនេះដែរ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល បានប្រាប់តាមសារអេឡិចត្រនិច ដូច្នេះថា ខាងមន្ទីរនិងចាត់ចែងជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ថា ចិញ្ចើមផ្លូវជាតិលេខ១ ដែលបាក់ស្រុតនេះមិនមែនមានខូចខាតនៅក្នុងឃុំដីឥដ្ឋប៉ុណ្ណោះទេ នៅក្នុងផ្សេងៗទៀតក៏មានដែរដូចជាឃុំបន្ទាយដែក ឃុំសំរោងធំ និងឃុំគគីធំ ។ ប្រសិនបើអាជ្ញាធរឃុំ-ស្រុក និងខាងមន្ទីរសាធារណៈការមិនយកចិត្តទុកដាក់ក្នុងការថែរក្សាទេនោះទៅថ្ងៃអនាគត់និងទទួលរងនូវការខូចខាតធ្ងន់ធ្ងរជាក់ជាមិនខាន ៕
ដោយ៖ សណ្តោស