ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖ ​រំពឹង​ទំនាស់​ដីធ្លី​នឹង​កាត់​បន្ថយ​អស់​ត្រឹម​ខែ​ធ្នូ ឆ្នាំ២០២៥នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​​ថ្លែង​ក្នុង​វេទិកា​មួយកាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុងខេត្ត​កំពតថា៖ បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ទូទាំង​ប្រទេស ​នឹង​អាច​ឈាន​ទៅ​បញ្ចប់​ទាំង​ស្រុង​ត្រឹម​ចុង​ឆ្នាំ ២០២៥។

រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក សាយ សំអាល់​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​អាច​ជម្រាប​ជូន​ពុក​ម៉ែ​ថា ស្រុក​ខ្មែរ​នេះ​កាល​ពី​ទំនាស់​ដីធ្លី​ច្រើន​បំផុត អាច​មាន​ល្បាក់ ២ ម៉ឺន​ករណី​នៅ​ទូទាំង​ប្រទេស។ ឥលូវ​នេះ​ការ​ដោះស្រាយ​បន្តបន្ទាប់​នៅ​សល់​ប្រហែល​នៅ​ខ្ទង់​ ២០០ ករណី​ ហើយ​ត្រឹម​ខែ ១២ នឹង​ដោះស្រាយ​សឹង​បញ្ចប់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស»។
ពាក់ព័ន្ធ​ដំណើរការ​ចុះ​បញ្ជី​ដីធ្លី​ទូទាំង​ប្រទេស លោក​រដ្ឋមន្ត្រី​ សាយ សំអាល់ បាន​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​បន្ត​នីតិវិធី​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ ជូន​វត្ត សាលារៀន តំបន់​ការពារ​ធម្មជាតិ​របស់​ក្រសួង​បរិស្ថាន ដី​កសិកម្ម​របស់​ក្រសួង​កសិកម្ម ដី​បឹង​របស់​ក្រសួង​ធនធាន​ទឹក ដែល​នឹង​បញ្ចប់ឆាប់ៗ​​ត្រឹម​ចុង​ឆ្នាំ ២០២៥។

យ៉ាងណាមិញ បើ​តាម​លោក​រដ្ឋមន្ត្រី ការបញ្ចប់​ការងារ​​នេះ​ទាំង​ស្រុង អាច​ត្រូវ​ការ​ពេល​វេលា​តិច​តួច​បន្ថែម​ទៀត​ដើម្បី​សម្អាត​កែ​តម្រូវ​កិច្ចការ​មួយ​ចំនួន​ដែល​​នៅ​សេសសល់​។ ក្នុង​នោះ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ករណី​ពលរដ្ឋ​ដែល​មិន​បាន​ចុះ​បញ្ជី​ដីធ្លី​ទាន់ពេល​វេលា​ដោយសារ​ជាប់​រវល់​បំពេញ​ការងារ​ផ្សេងៗ ក៏​នៅ​មាន​សិទ្ធិ​និង​ឱកាស​អាច​ស្នើ​នីតិវិធី​ដើម្បី​ចុះ​បញ្ជី​ដី​ធ្លី​ស្រប​​តាមគោលដៅ​របស់​រដ្ឋាភិបាល​​​ក្នុងការ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​គ្រប់​គ្នា​ទូទាំង​ប្រទេស។

លោកឧបនាយករដ្ឋមន្ត្រី​ ថ្លែង​បន្ត​ថា ដំណើរការ​ចុះ​បញ្ជី​ទូទាំង​ប្រទេស អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ដែល​រួម​មាន​មន្ត្រី​ជំនាញ​ប្រមាណ​ ៥ពាន់​នាក់​រួម​ទាំង​អ្នក​គាំទ្រ​ប្រហែល ៥ ពាន់​នាក់​ទៀត។

...

ដោយឡែក​ពាក់ព័ន្ធ​ពលរដ្ឋ​រស់នៅ​តំបន់​សៀមរាប​អង្គរ​ដែល​ជា​តំបន់​បេតិកភណ្ឌសំបូរ​ដោយប្រាសាទបុរាណ​ ការ​ប្រើប្រាស់​ដី​ធ្លី​នៅ​ទីនោះ​ត្រូវ​អនុវត្ត​លក្ខខណ្ឌ​ផ្សេង​គ្នា​ ហើយ​អាជ្ញាធរ​កំពុង​សម្របសម្រួល​ជាមួយ​​ពលរដ្ឋ​ទាំង ១១៤ ភូមិ​ ដែល​រស់នៅ​តំបន់​អង្គរ ធ្វើ​យ៉ាងណា​អាច​ឲ្យ​ពួកគាត់មាន​កម្មសិទ្ធិ​ដីធ្លី​​រស់នៅ​បាន​ស្រួល​​ទន្ទឹម​អាច​ការពារ​មរតក​ដូន​តា​ផង​ដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print