ខេត្តព្រៃវែង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំងឃាត់ខ្លួន ក្រោយផឹកស៊ីស្រវឹងស្រា ហើយទាញកាំបិតប៉័ងតោកាប់ដៃគូទំនាស់ ម្ខាងទៀត បណ្ដាលឱ្យរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចផ្ទះឈ្មោះ សុន ចិត្រ ស្ថិតនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុន ចិត្រ ភេទ ប្រុសអាយុ៣៥ឆ្នាំ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែងត្រូវបាននគរបាលឃាត់ខ្លួន។ រីឯជនរងគ្រោះឈ្មោះ ហម ឆេងហេង(ហៅចយ)ភេទប្រុសអាយុ១៩ឆ្នាំនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង របួសចំក្បាល,ត្រចៀកខាងឆ្វងដាច់សាច់ហូរ ឈាមស្រោចពេញខ្លួន។
សេចក្ដីរាយការណ៍បន្តថា នៅមុនពេលកើតហេតុ កាល ពីល្ងាចទី២៩ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ហម ឆងហេង(ហៅចយ)បានទូរស័ព្ទទៅជនសង្ស័យឈ្មោះ សុន ចិត្រ ឱ្យមកផឹកស៊ីជាមួយខ្លួន។ មួយសន្ទុះក្រោយមកឈ្មោះ សុន ចិត្រ ក៏បានមកដល់ និងផឹកស៊ីជាមួយជនរងគ្រោះតែ២នាក់នៅកន្លែងកើតហេតុ។ ក្នុង នោះ ពួកគេបន្តផឹកស៊ីរហូតដល់យប់ជ្រៅអស់ស្រាចំនួន ២លីត្រ និងស្រវឹងរៀងខ្លួន ទើបឈានដល់ទំនាស់ពាក្យ សម្ដី ហើយជនរងគ្រោះ ក៏ចូលទៅក្នុងបន្ទប់ទឹក។
លុះចេញមកវិញ ស្រាប់តែជនដៃដល់ឈ្មោះ សុន ចិត្រ ទាញកាំបិតប៉័ងតោ ដែលនៅលើគ្រែមកកាប់លើជនរង គ្រោះ ចំក្បាល,ត្រចៀកខាងឆ្វងដាច់សាច់ហូរ ឈាមស្រោច ខណៈនោះជនរងគ្រោះក៏បានរត់ចេញមកផ្លូវ និងស្រែកឱ្យអ្នកជិតខាងជួយ។ បន្ទាប់មក ក៏ផ្អើលឆោរឡោជួយសង្គ្រោះជនរងគ្រោះ និងឈានដល់ឃាត់ខ្លួនជនដៃដល់បានផងដែរ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕