ខេត្តបន្ទាយមានជ័យ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃចន្ទទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អបអរសាទរខេត្តបន្ទាយមានជ័យជាខេត្តទី៨ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ថា ពីនេះទៅមុខ យើងនឹងធ្វើការគ្រប់គ្រងដីធ្លីយើងប្រកបដោយសុវត្ថិភាព និងមានគុណតម្លៃ។
ជាមួយគ្នានេះ ក្រសួងដែនដី សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ការប្រកាសបញ្ចប់ការវាស់វែងនេះ មិនមែនមានន័យថាក្រសួងបញ្ឈប់ការវាស់វែងនោះទេ ចំពោះក្បាលដីដែលបានរំលង ឬបងប្អូនដែលមិនទាន់បានសុំចុះបញ្ជី យើងនៅតែបន្តចុះបញ្ជីជូន។ នេះគ្រាន់តែជាការបិទបញ្ចប់យុទ្ធនាការវាស់វែងប៉ុណ្ណោះ ប៉ុន្តែការងារប្រចាំថ្ងៃរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតែធ្វើការជូនបងប្អូនជាធម្មតា។
សូមជម្រាបថា ក្នុងពិធីប្រកាសខេត្តបន្ទាយមានជ័យបញ្ចប់ការវាស់វែងដីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦៣៥៥បណ្ណ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ៕
ដោយ៖តារា