បើការបិទព្រំដែនបន្តដល់ចុងឆ្នាំ ប្រទេសថៃនឹងខាតចំណូលជិត២ពាន់លានដុល្លារ

ចែករំលែក៖

សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានផ្សាយថា នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ (DFT) ថ្មីៗនេះ បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។

អគ្គនាយិកា DFT លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំប្រទល់បន្តបិទចាប់ពីខែមិថុនា រហូតដល់ខែធ្នូ ការខាតបង់ប្រាក់ចំណូលពីការនាំចេញទំនិញរបស់ថៃ ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស៦០ពាន់លានបាត។ តួលេខនេះ គឺផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុបកាលពីឆ្នាំ២០២៤ ដែលមានទំហំ១៧៥ពាន់លានបាត ឬស្មើនឹង៥.៣៨ពាន់លានដុល្លារអាមេរិក រវាងថៃនឹងកម្ពុជា ដោយក្នុងនោះការនាំចេញមានទំហំប្រមាណ ១៤២ពាន់លានបាត (៤.៣៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងជាមធ្យម ១១.៨ពាន់លានបាត (៣៦២លានដុល្លារអាមេរិក) ក្នុងមួយខែៗ។
លោកស្រី Arada បានបន្ថែមថា អំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបរបស់ថៃទៅកាន់កម្ពុជា មានទំហំ១៤៦ពាន់លានបាត (៤.៤៩ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន ៨.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចេញតាមព្រំដែន មានទំហំ៦៣.១ពាន់លានបាត (១.៩៤ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន៩ភាគរយ។ បើតាមលោកស្រី Arada ប្រសិនបើច្រកព្រំដែនជាមួយកម្ពុជាបន្តបិទរាប់ខែទៀត ប្រទេសថៃប្រហែលជានឹងត្រូវបង្កើនការនាំចូលពីប្រទេសជិតខាងដទៃទៀត ប៉ុន្តែការនាំចូលពីប្រទេសដទៃទាំងនោះ នឹងទាមទារថ្លៃដឹកជញ្ជូនខ្ពស់ ហើយរយៈពេលដឹកជញ្ជូនយូរជាងមុន។
ជាចុងក្រោយ លោកស្រី Arada Fuangtong បានបញ្ជាក់ថា ជារួមការបិទព្រំដែនជាមួយកម្ពុជា នឹងជះផលប៉ះពាល់អវិជ្ជមានចំពោះគោលដៅនៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប របស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៥នេះ។ ពីដំបូងឡើយ គោលដៅពាណិជ្ជកម្មឆ្លងព្រំដែនត្រូវបានកំណត់ថា នឹងទទួលបានកំណើនខ្ទង់ ៣ភាគរយ ជាមួយទំហំពាណិជ្ជកម្មសរុប ១.៨៧ទ្រីលានបាត (៥៧.៥ពាន់លានដុល្លារអាមេរិក)។ ប៉ុន្តែ ដោយសារតែការបិទព្រំដែន កំណើនពាណិជ្ជកម្មនាពេលនេះ ត្រូវរំពឹងថា នឹងទទួលបានត្រឹម១-២ភាគរយប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន ដែលមានទំហំ ១.៨២ទ្រីលានបាត (៥៦ពាន់លានដុល្លារអាមេរិក)៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print